(វ៉ាស៊ីនតោន)៖ គំរោងលក់​យន្ដហោះចម្បាំង​អាមេរិក F-35 ឱ្យ​ប្រទេសតួកគី ទំនងជានឹង​មិនផ្លាស់ប្ដូរឡើយ ខណៈសល់​ពេលជាង ១ខែកន្លះ​ទៀតសម្រាប់ឱ្យរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បញ្ជាក់ប្រាប់សភាអាមេរិកពីតម្លៃ​នៃយុទ្ធសាស្ត្រ ក្នុង​ការលក់យន្ដហោះ​ចម្បាំងនេះ​ឱ្យទីក្រុង​អង់ការ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ការលក់យន្ដហោះ​​ចម្បាំងអាមេរិក F-35 ត្រូវបានសមាជិកសភា​អាមេរិកជាច្រើនជំទាស់ ហើយពួកគេ​ថែមទាំងអនុម័ត​ច្បាប់ថ្មីមួយ ដែលរារាំងក្នុង​ការលក់អាវុធឱ្យតួកគី​ទៀតផង ដោយសារតែការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ ក៏ប៉ុន្តែ​ទាំងលោក James Mattis និងរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រួមទាំង​ក្រុមហ៊ុន​ផលិតអាវុធ Lockheed Martin សុទ្ធតែ​បានបង្ហាញ​ការជំទាស់នឹង​ការផ្ដាច់កិច្ច​សន្យាលក់ F-35 ឱ្យតួកគី​ដោយសារ​តែពួកគេមើលមិនឃើញ​ថា មានហេតុផល​សមស្រប​ណាមួយ ដើម្បី​លុបចោលការ​លក់អាវុធ​នេះទេ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ​​អាមេរិក លោក James Mattis អាចនឹង​បញ្ជាក់​ប្រាប់សភា​អាមេរិក​ពីតម្លៃនៃ​យុទ្ធសាស្ត្រក្នុង ការលក់យន្ដហោះ​​ចម្បាំង F-35 ឱ្យទីក្រុង​អង់ការ៉ា នៅមុនពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខនេះ។ តែយ៉ាង​​ណា F-35 ពីរគ្រឿងក៏ត្រូវ​បានរំពឹងដែរថា នឹងត្រូវប្រគល់ឱ្យ​តួកគី​នៅរដូវក្ដៅឆ្នាំ​ក្រោយ។ ការលក់ F-35 នេះ​នៅត្រូវធ្វើឡើងតាមគំរោង ទោះបីជាតួកគីមិនបានបង្ហាញចេតនាថា ព្រមលុបគំរោង​ទិញ ប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី តាមការ​ព្រមានរបស់អាមេរិក​ក៏ដោយ៕