(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានកត់សម្គាល់ថា វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនគួរត្រូវបានយកទៅដោះស្រាយនៅលើឆាកអន្តរជាតិឡើយ ខណៈអង្គការសហប្រជាជាតិកំពុងត្រៀមបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិដើមដ៏កំសត់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក វ៉ាង យី មិនមានអ្វីគួរឱ្យភ្ញាក់ឡើយ ពីព្រោះចិនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងចិន ហើយទីក្រុងប៉េកាំង ក៏ធ្លាប់បានបោះឆ្នោតវ៉េតូជាច្រើនលើក ប្រឆាំងនឹងសេចក្ដីថ្លែងការណ៍ UN ថ្កោលទោសមីយ៉ាន់ម៉ាផងដែរ។
លោក វ៉ាង យី នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បានលើកឡើងយ៉ាងដូច្នេះថា «វិបត្តិនៅក្នុងរដ្ឋ រ៉ាឃីន (Rakhine) គឺជាបញ្ហាដ៏សំខាន់មួយរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស... ដូច្នេះចិនមិនគាំទ្រឡើយចំពោះការយកសំណុំរឿងនេះ ឱ្យអន្តរជាតិជួយដោះស្រាយ ព្រមទាំងសកម្មភាពទាំងឡាយណា ដែលបង្កឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ រីឯសហគមន៍អន្តរជាតិ គួរតែដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា»។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតលើការបង្កើតអង្គភាពអន្តរជាតិ ដែលនឹងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែប្រទេស ចិន ប៊ូរុនឌី និងហ្វីលីពីន បានបោះឆ្នោតជំទាស់នឹងសេចក្ដីសម្រេចនេះ ខណៈប្រទេសច្រើនជាង ១០០ ទៀតបោះឆ្នោតគាំទ្រ៕