(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍នានា បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១៩៨ជើង នៅភាគខាងត្បូងប្រទេសជប៉ុន ដោយសារក្តីព្រួយបារម្ភចំពោះព្យុះទីហ្វុងដ៏មានឥទ្ធិពលថ្មីមួយទៀតឈ្មោះ ត្រាមី (Trami) ដែលកំពុងឆ្ពោះមករកប្រទេសដីកោះនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការលុបចោលជើងហោះហើរដ៏ច្រើនសន្ធឹកសន្ធាប់នេះ ភាគច្រើនគឺប៉ះពាល់ទៅលើជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋាន ណាហា (Naha) ដែលស្ថិតនៅខេត្តអូគីណាវ៉ា (Okinawa) ចុងភាគខាងត្បូងប្រទេសជប៉ុន។ គិតត្រឹមព្រឹកថ្ងៃសុក្រ ព្យុះទីហ្វុងដ៏ខ្លាំងក្លាខាងលើមានទីតាំងនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ភាគអាគ្នេយ៍កោះមីយ៉ាកុជីម៉ា (Miyakojima) នៅ Okinawa និងកំពុងបន្តឆ្ពោះទៅភាគពាយ័ព្យប្រទេស។
គួរជម្រាបថា បើតាមការព្យាករណ៍ ព្យុះទីហ្វុង Trami នឹងមកដល់ភាគខាងលិចជប៉ុន ប្រហែលនៅថ្ងៃអាទិត្យខាងមុខ ហើយក្រោយមកវានឹងបោកបក់ទៅរកតំប់ភាគខាងកើត និងខាងជើង។ ប្រទេសជប៉ុននាពេលកន្លងទៅ ក៏ទើបតែបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយផ្សេងទៀតហើយផងដែរ៕