(ប៉ាពួញូហ្គីណេ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង មកពីប្រទេសប៉ាពួញូហ្គីណេ បានជួបឧប្បដិហេតុនៅពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ ឈូអ៊ុក (Chuuk) នៅក្នុងដែនកោះ មីក្រូនេស៊ី (Micronesia) នៃតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយវាបានជ្រុលចង្កូតទៅហួសផ្លូវចុះចត រួចធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រតែម្តង។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
រូបភាពបានបង្ហាញថា យន្តហោះដឹកអ្នកដំណើរធុនបង្គួរមួយគ្រឿង ជារបស់អាកាសចរណ៍ នីអ៊ូហ្គីនី (Air Niugini) មានជើងហោះហើរ ANG73 មកពីប្រទេសប៉ាពួញូហ្គីណេ បានធ្លាក់ចូលទៅក្នុងដែនទឹកនៅក្បែរព្រលានយន្តហោះ តែសំណាងល្អអ្នកដំណើរទាំង ៣៥នាក់ និងក្រុមអ្នកបម្រើការងារលើនោះ ១២នាក់ មិនបានទទួលរងរបួសអ្វីធ្ងន់ធ្ងរនោះឡើយ។
គួរបញ្ជាក់ថា មូលហេតុដែលបង្កគ្រោះថ្នាក់ខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែការស៊ើបអង្កេតកំពុងចាប់ផ្តើមហើយ។ សម្រាប់នៅក្រោយពេលកើតហេតុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះប្រភេទ Boeing 737-800 ត្រូវបានគេឃើញស្ថិតនៅចម្ងាយជិត ១៥០ម៉ែត្រ ពីផ្លូវចុះចតរបស់ព្រលាន អំឡុងពេលដែលផ្ទៃមេឃកំពុងអាក្រក់ខ្លាំង។ អ្នកដំណើរមួយចំនួនបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការមុតនឹងអម្បែងកញ្ចក់បង្គួចយន្តហោះ៕