(ញូយ៉ក)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក មិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា អ៊ីរ៉ង់មានរោងចក្រ និងឃ្លាំងនុយក្លេអ៊ែរសម្ងាត់មួយនៅក្នុងទីក្រុងតេហរ៉ង់។ ប៉ុន្តែទន្ទឹមគ្នានេះ លោកមិនបានបង្ហាញភស្ដុតាងជាក់លាក់ណាមួយ ដើម្បីការពារការលើកឡើងរបស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងញយ៉ក) លោក Netanyahu ក៏បាននិយាយដែរថា លោកបានចែករំលែកព័ត៌មានទាំងនេះ ជាមួយទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច និងទីភ្នាក់ចារកម្មជាសម្ព័ន្ធមិត្តមួយចំនួនទៀត។
លោក Netanyahu គូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំកំពុងនិយាយគឺមិនដែលបានចែករំលែកពីមុនមកនោះទេ... នៅថ្ងៃនេះ ខ្ញុំសូមបើកកកាយជាលើកដំបូងថា អ៊ីរ៉ង់មានរោងចក្រ និងឃ្លាំងនុយក្លេអ៊ែរសំងាត់មួយនៅក្នុងទីក្រុងតេហេរ៉ង់ ហើយ ឃ្លាំងនុយក្លេអ៊ែរនេះត្រូវបានប្រើបាស់សម្រាប់ស្ដុកទុកបរិក្ខា សារធាតុ និងអាវុធក្នុងចំនួនដ៏ច្រើនដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធី អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ុង់»។
គួរបញ្ជាក់ថា លោក Netanyahu មិនបានបង្ហាញភស្ដុតាងជាក់លាក់ណាមួយ ដើម្បីការពារការលើកឡើង ឬចេតនាពិតប្រាកដរបស់លោកឡើយ។ ក៏ប៉ុន្តែ អ្វីដែលគេធ្លាប់ដឹងនោះ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ធ្លាប់បានចោទប្រកាន់អ៊ីរ៉ាក់ថា បាននិងកំពុងលួចលាក់ផលិតអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីប្រើវាជាលេសឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំ សាដដាំ ហូសេន កាលពីឆ្នាំ២០០៣៕