(ញូយ៉ក)៖ កិច្ចប្រជុំជាន់ខ្ពស់ស្តីពីបញ្ហាបង្ការជំងឺរបេងនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ បានបើកធ្វើនៅក្រុងញ៉ូវយកសហរដ្ឋអាមេរិក នាសប្តាហ៍នេះ ហើយលោកស្រី ប៉េង លីយ័ន (Peng Liyuan) ដែលភរិយារបស់លោកប្រធាធិបតីចិន ស៉ី ជីនពីង និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសុខភាពពិភពលោក សម្រាប់ជំងឺរបេងនិងជំងឺអេដស៍ ត្រូវបានគេអញ្ជើញឲ្យថ្លែងសុន្ទរកថា តាមរយៈវីដេអូក្នុងពិធីសម្ពោធនៃកិច្ចប្រជុំលើកនេះ ក្នុងនាមតំណាងរបស់ឥស្សរជនឆ្នើមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី Peng Liyuan បានគូសបញ្ជាក់ថា ដោយសារ រដ្ឋាភិបាលចិននិងគ្រប់មជ្ឈដ្ឋានរបស់ប្រទេសចិន សុទ្ធតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ កិច្ចខិតខំទប់ស្កាត់និងព្យាបាល ទើបការបង្ការជំងឺរបេងក្នុងប្រទេសចិន នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ អ្នកជំងឺក្នុងចំនួនដ៏ច្រើន បាននិងកំពុងតែទទួលការព្យាបាលដោយទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ហើយអត្រារកឃើញរោគសញ្ញា និងអត្រាជាសះស្បើយសម្រាប់អ្នកជំងឺរបេង បានបន្តកើនឡើងឥតឈប់ឈរ ស្របពេលដែលអត្រាកើតជំងឺនេះ និងអត្រាអ្នកស្លាប់កាន់តែថយចុះ។
នាឱកាសនោះ លោកស្រី Pengបានបន្តទៀតថា អង្គការសុខភាពពិភពលោក បានអនុម័តនូវ «យុទ្ធសាស្ត្រទប់ទល់ជំងឺរបេង» រួចជាស្រេច ហើយគ្រប់ប្រទេសទាំងអស់ គួរចាប់ដៃជាមួយគ្នា និងខិតខំយ៉ាងពេញទំហឹងដើម្បីផ្លាស់ប្តូរជីវិតរបស់ អ្នកដែលរងផលប៉ះពាល់ពីជំងឺរបេងចំនួនរាប់រយលាននាក់ និងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ៕