(ប៉េកាំង)៖ ឆ្នាំនេះជាខួប៦០ឆ្នាំនៃការបង្កើតស្ថានីយ៍ទូរទស្សន៍មជ្ឈិមចិន (CCTV) និងជាខួប៦០ឆ្នាំនៃការចាប់ផ្តើមវិស័យទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោក ស៉ី ជីនពីង ដែលជាប្រធានរដ្ឋចិន នាសប្តាហ៍នេះបានផ្ញើសារអបអរសាទរដល់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាមួយការអំពាវនាវ ឲ្យស្ថាប័នផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍ធំបំផុតមួយនៅលើពិភពលោកនេះ សហការជាមួយអ្នកមានវិជ្ជាជីវៈផ្នែកទូរទស្សន៍ទាំងអស់របស់ចិន ដើម្បីខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗបែបថ្មី ដែលឈានមុខគេលើឆាកអន្តរជាតិ ។
ថ្លែងក្នុងសារអបអរសាទរ លោកប្រធានាធិបតីចិន បានធ្វើការកោតសរសើរចំពោះអ្នកបំពេញការងារក្នុងវិស័យទូរទស្សន៍ចិន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សាយព័ត៌មាន ដែលឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រជាជន និង ព័ត៌មានវិជ្ជមាន ដើម្បីបុព្វហេតុបក្សក៏ដូចជាប្រជាជនចិន ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ។
សូមជម្រាបថា កាលពីខែមីនា ឆ្នាំ២០១៨ ស្ថានីយទូរទស្សន៍មជ្ឈិមចិន CCTV ព្រមទាំងវិទ្យុប្រជាជនមជ្ឈិមចិន និងវិទ្យុអន្តរជាតិចិន ត្រូវបានរួមបញ្ចូលគ្នាទៅជាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន៕