(កាណាដា)៖ ក្រុមអ្នកតំណាងរាស្ត្រកាណាដា បានបោះឆ្នោតលុបចោលសញ្ជាតិកិត្តិយសដែលបានផ្ដល់ជូនមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០០៧ ដោយសារតែបរាជ័យក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការបោះឆ្នោតជាឯកច្ឆ័នរបស់ក្រុមតំណាងរាស្ត្រកាណាដា ធ្វើឡើងជាការឆ្លើយតបទៅនឹងលោកស្រីស៊ូជី សម្រាប់បរាជ័យរបស់ លោកស្រីក្នុងការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine។ អំពើហិង្សានេះដែលបានផ្ទុះ ឡើងកាលពីជាង១២ខែមុន បានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់ ព្រមទាំងបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧០០,០០០នាក់ផ្សេងទៀត រត់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ចំណែកឯ ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានចោទប្រកាន់ យោធាមីយ៉ាន់ម៉ាផងដែរថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ខណៈតុលាការព្រហ្មទណ្ឌអន្តរជាតិកំពុង ដំណើការការស៊ើបអង្កេតបឋមរបស់ខ្លួន។
តែទោះជាយ៉ាងណាក៏ដោយ ទាំងលោកស្រី អោងសាន ស៊ូជី និងមេដឹកនាំយោធាមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់ ទាំងនេះ ហើយអះអាងថាអ្វីដែលពួកគេបានធ្វើគឺដើម្បីការជនស៊ីវិល សន្តិសុខ និងសនិ្តភាពនៅក្នុងប្រទេសតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី ទទួលបានសញ្ជាតិកិត្តិយសពីកាណាដាកាលពីឆ្នាំ២០០៧ ហើយការអនុម័តលុបចោល សញ្ជាតិនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ចាន់ស្ទីន ឌ្រូដូ បាននិយាយថាសភាកាណាដាគួរតែពិចារណាឡើងវិញ ថាតើលោកស្រីស៊ូជី គួរតែបន្តទទួលបានសញ្ជាតិកិត្តិយសតទៅទៀតដែរឬក៏យ៉ាងណា៕