(ប៊ែលឡារុស)៖ ក្រសួងការបរទេសប៊ែលឡារុស បាននិយាយថាគំរោងបង្កើតមូលដ្ឋានយោធាអាមេរិកមួយនៅក្នុងប្រទេសប៉ូឡូញ នឹងមិនអាចជួយអ្វីបានឡើយដល់ការថែរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយថារដ្ឋាភិបាលទីក្រុង Minsk នឹងតាមមើល ការវិវត្តស្ថានភាពយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យក្រសួងការបទេសប៊ែលឡារុស លោក Anatoly Glaz កើតមានឡើងនៅក្នុងបរិបទដែល អង្គការណាតូរបស់សហរដ្ឋអាមេរិក កំពុងមានភាពតានតឹងជាមួយរុស្ស៊ី ជុំវិញការពង្រីកឥទ្ធិពលយោធាដាក់គ្នាទៅវិញទៅមករវាង មហាយក្សយោធាទាំងពីរ នៅតាមតំបន់ព្រំដែននៃបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលមានភូមិផងរបងជាប់ជាមួយនឹងរុស្ស៊ី។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោក Anatoly Glaz បានគូសបញ្ជាក់ដូច្នេះថា៖«ការដាក់ពង្រាយ យោធាបរទេសនៅលើទឹកដីខ្លួនឯង គឺគ្រាន់តែបង្ហាញពីភាពទន់ខ្សាយរបស់ខ្លួនឯងតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាមានតែធ្វើ ឱ្យប្រទេសជិតខាងកាន់តែបង្កើនកម្លាំងយោធា និងធ្វើឱ្យភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង ហើយដែលនេះនឹងមិនអាចជួយអ្វីដល់ ការថែរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់បានឡើយ...ដូច្នេះអ្វីដែលយើងត្រូវការក្នុងពេលបច្ចុប្បន្នគឺតម្លាភាព ហើយយើងនឹង តាមមើលការវិវត្តស្ថានភាពយ៉ាងយកចិត្តទុកដាក់»។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតី ប៉ូឡូញ លោក Andrzej Duda ថាទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការបង្កើតមូលដ្ឋានទ័ពអាមេរិកថ្មីមួយនៅលើទឹកដីប៉ូឡូញ សំដៅជួយការពារប៉ូឡូញ ពីការគំរាមកំហែងនានាពីរុស្ស៊ី៕