(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ទីក្រុងប៉េកាំង មិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុង នៃបណ្ដាប្រទេសណាមួយឡើយ ខណៈមានប្រទេសមួយចំនួនត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ចូលចិត្តជ្រៀតជ្រែករឿងផ្ទៃក្នុងគ្រួសាររបស់ អ្នកដទៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) ធ្វើឡើងជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទចិនថា កំពុងព្យាយាមលូកដៃចូលកិច្ចការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ។
ថ្លែងនៅឯបទសម្ភាសន៍ដ៏ខ្លីមួយក្នុងទីក្រុងប៉េកាំង លោក Geng បានលើកឡើងយ៉ាងដូច្នេះថា «ទីក្រុងប៉េកាំង មិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុង នៃបណ្ដាប្រទេសណាមួយឡើយ ប៉ុន្តែសហគមន៍អន្តរជាតិបានស្គាល់ច្បាស់ថា ប្រទេសមួយគឺចូលចិត្ត លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ»។
គួរបញ្ជាក់ថា បើទោះជាលោក Geng Shuang មិនបានបញ្ជាក់ចំៗឈ្មោះ តែការលើកឡើងរបស់លោកត្រូវបានគេមើលឃើញថា ប្រទេសចិនចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលលោកផ្ទាល់បានជម្រុញបញ្ឈប់សកម្មភាពទាំងឡាយណា ដែលបំផ្លាញទំនាក់ទំនងជាមួយចិន៕