(វ៉ាស៊ីនតោន)៖ សភា​តំណាងរាស្រ្ត​អាមេរិក បានអនុម័ត​កញ្ចប់ថវិកា​ប្រមាណ ៨៥៤ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់​ដំណើរការរបស់​រដ្ឋាភិបាល ដើម្បីបញ្ចៀស​កុំឲ្យមានការបិទទ្វារ​ជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្តីព្រាងកញ្ចប់​ថវិកាខាងលើ ត្រូវបានអនុម័តក្នុង​សំឡេងភាគច្រើនលើសលុប ដោយ ​​៣៦១សំឡេងគាំទ្រ និងមានត្រឹមតែ ​៦១សំឡេង​ប៉ុណ្ណោះ​ដែលប្រឆាំង ដោយវាបាន​សម្រេចឡើងនៅមួយ​សប្តាហ៍ ក្រោយពីព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​កញ្ចប់ថវិកា​ដូចគ្នានេះ ជាមួយ​សំឡេង​ភាគច្រើន ៩៣សំឡេង ទល់នឹង ០៧សំឡេង។

គួរជម្រាបថា កញ្ចប់ថវិកា​ខាងលើផ្តល់ការទ្រទ្រង់​ហិរញ្ញវត្ថុសម្រាប់​រយៈពេលមួយឆ្នាំ​ពេញ នៃឆ្នាំសារពើពន្ធ​​២០១៩ ដល់ក្រសួង​​ការ​ពារ​ជាតិ ក្រសួងការងារ​ និងក្រសួង​សុខាភិបាល ក៏ដូចជាក្រសួង​អប់រំ ហើយសម្រាប់​រយៈពេលពីរខែ ក្នុងការផ្តត់ផ្គង់ដល់​​បណ្តា​ស្ថាប័ន​រដ្ឋ​។​ ជាមួយគ្នា​នេះ ទោះបីជាធ្លាប់​បានព្រមានបង្ខំឲ្យបិទ​រដ្ឋាភិបាលក៏ដោយ លោក ដូណាល់ ត្រាំ បានថ្លែង​នៅឯអង្គការ​សហប្រជាជាតិ​ថា ​លោកនឹង​បន្តរក្សាឲ្យរដ្ឋាភិបាល​ ដំណើរការទៅមុខ​ធម្មតា​ដដែល៕​​