(ប៉េកាំង)៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងទៅហោះឆ្វែលពីលើតំបន់សមុទ្រចិនខាងត្បូង ជាទីដែលចិន និងបណ្ដាប្រទេសមួយចំនួននៅក្នុងអាស៊ីអាគ្នេយ៍ កំពុងមានជម្លោះនឹងគ្នា ហើយសកម្មភាពជារឿយៗនេះ ត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា ជាចេតនាបង្ករឿង។ នេះបើមន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមវរសេនីយ៍ឯកអាមេរិក លោក ដេវ អ៊ីសប៊ឺដ (Dave Eastburn) យន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៤គ្រឿង បានធ្វើប្រតិបត្តិការ ហោះហើរនៅលើតំបន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃចន្ទ មុននឹងបន្តដំណើរទៅកាន់តំបន់សមុទ្រចិនខាងកើត កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងប្រាប់ Reuters នៅថ្ងៃពុធសប្ដាហ៍នេះ លោក Eastburn បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះទម្លាក់គ្រាប់បែក B-52 បានចូលរួមក្នុងប្រតិបត្តិការហោះហើរជាទម្លាប់ ដែលជាផ្នែកមួយនៃការពង្រឹងការយកចិត្តទុកដាក់របស់យើង និងសមត្ថភាពអន្តរសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់»។
គួរជម្រាបថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters យន្តហោះ B-52 ចំនួន០៤គ្រឿង ក៏ត្រូវបានអមផងដែរដោយយន្ដហោះចម្បាំងជប៉ុន ជាច្រើនគ្រឿង ទៅកាន់ទីប្រជុំកោះ តាវយុ (Diaoyu) នៃតំបន់សមុទ្រចិនខាងកើត ជាទីដែលចិន និងជប៉ុនកំពុងមានជម្លោះដែនទឹកនឹងគ្នា។ ក៏ប៉ុន្តែនៅពេលត្រូវសាកសួរពីអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) អះអាងថា ប្រតិបត្តិការហោះហើររបស់ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក ធ្វើឡើងជាទម្លាប់តាមធម្មតាប៉ុណ្ណោះ រីឯលោក Eastburn ក៏អះអាងដែរថា យោធាអាមេរិកនឹងបន្តធ្វើប្រតិបត្តិការហោះហើរ និងនាវាចរ នៅគ្រប់ទីកន្លែងទាំងអស់ដែលច្បាប់អន្តជាតិអនុញ្ញាត និងជាទីកន្លែងដែលអាមេរិក ជ្រើសរើស៕