(ការ៉ាកាស់)៖ វេណេស៊ុយអេឡា​បានប្រកាសថ្កោលទោស​យ៉ាងពេញទំហឹង ទៅលើសេចក្តី​ថ្លែងការណ៍​បែបជ្រៀតជ្រែក និងស្រេក​ឃ្លាន​​​សង្រ្គាម​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងការបរទេស​វេណេស៊ុយអេឡា​បានលើកឡើងថា សេចក្តីថ្លែងការណ៍ថ្មីៗនេះ ធ្វើឡើងដោយ​​លោក ដូណាល់ ត្រាំ មានចេតនា​​ចង់បំផ្ទុះ​ការបះបោរយោធា​នៅក្នុងប្រទេស​អាមេរិកឡាទីន​មួយនេះ។ ការថ្កោលទោស​របស់ទីក្រុងការ៉ាស់ បានធ្វើឡើង​​បន្ទាប់ពី​លោក ត្រាំ បាននិយាយថា រដ្ឋបាល​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ អាចត្រូវផ្តួលរំលំ​បានយ៉ាងងាយ ​​និងលឿន​បំផុត​ប្រសិនបើ​កម្លាំង​​យោធា ជ្រើសរើស​ធ្វើយ៉ាង​ដូច្នោះ។

ក្រៅពីនេះលោក​ប្រធានាធិបតី​អាមេរិក​បានបញ្ជាក់ថា រូបលោកបើកទ្វារចំហដើម្បីជួបជា​មួយលោក ម៉ាឌូរ៉ូ ដោយមានគ្រប់ជ​ម្រើស​ទាំង​អស់នៅលើតុចរចា ខណៈក្នុងនោះមាន​ទាំង​ជម្រើសខ្លាំង និងមិនសូវខ្លាំង ហើយលោក ត្រាំ បានព្រលយថា មនុស្សគ្រប់គ្នា​ដឹងច្បាស់​ហើយថា លោកចង់មាន​ន័យយ៉ាងម៉េច តាមរយៈជម្រើស​ខ្លាំងនោះ។

គួរជម្រាបថា កាលពីឆ្នាំទៅ​លោក ត្រាំ ធ្លាប់បាននិយាយថា ជម្រើស​នៃការ​ប្រើកម្លាំង​យោធា​​នៅវេណេស៊ុយអេឡា មិនអាចមើល​រំលង​បានឡើយ នៅក្នុងករណី​ចាំបាច់ ទោះបីជាមន្រ្តីជំនិត​លោកបានសម្តែងការ​ជំទាស់ក៏ដោយ។ ហើយនាពេល​កន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់​ទណកម្មជាបន្តបន្ទាប់​ ប្រឆាំងនឹងរដ្ឋាភិបាល​វេណេស៊ុយអេឡា ចាប់ពីពេល​នោះមក​ផងដែរ។

ប្រទេសប្រេង​នៅអាមេរិកខាងត្បូង​មួយនេះ បាននិងកំពុងតែរង​ទុកលំបាក ដោយសារវិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ចាប់តាំងពី​តម្លៃប្រេងឆៅ​​បានដាំក្បាល​ចុះក្នុងទីផ្សារ​អន្តរជាតិ។ គិតត្រឹមខែសីហា​កន្លងទៅនេះ អង្គការ​សហប្រជាជាតិ​បានឲ្យដឹងថា ប្រជាជន ​២.៣លាន​នាក់​ បានភៀសខ្លួន​ចេញពីវេណេស៊ុយអេឡា ដោយភាគច្រើន​ទៅកាន់កូឡុំប៊ី អេក្វាឌ័រ ប៉េរូ និងប្រេស៊ីល៕