(ម៉ូស្គូ)៖ ប្រជាជន​ស៊ីរីជិត ១.៥លាននាក់ ដែលបានភៀសខ្លួន​ទៅក្រៅប្រទេស និងនៅក្នុងប្រទេស​បានត្រឡប់ទៅកាន់​ផ្ទះសម្បែង​របស់ខ្លួនវិញហើយ ក្រោមជំនួយគាំទ្រ​ពីសហគមន៍​អន្តរជាតិ។ នេះបើតាម​មន្ត្រីយោធារុស្ស៊ីម្នាក់ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម​លោក យ៉េវហ្គែនី អ៊ីលយីន (Yevgeny Ilyin) ជាតំណាងរុស្ស៊ី​ទទួលបន្ទុកជនភៀស​ខ្លួនស៊ីរី​ប្រជាជន​ស៊ីរី ២៥០,០០០នាក់ ដែលបាន​រត់ភៀស​ខ្លួនទៅក្រៅប្រទេស​ដោយសារសង្រ្គាម បានត្រឡប់មក​កាន់ប្រទេស​ស៊ីរីវិញ។ លោក Ilyin បានបន្ថែម​ទៀតថា ការធ្វើ​មាតុភូមនិវត្តន៍ ធ្វើឡើង​ដោយសារតែ​មានកិច្ចខិតខំប្រឹងប្រែង​ពីសហគមន៍​អន្តរជាតិ ខណៈសាលារៀន ហាងទំនិញ​ស្ថានីយផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី និងមន្ទីរពេទ្យ រួមទាំង​ហេដ្ឋានរចនាសម្ព័ន្ធ​ជាច្រើន ត្រូវបាន​ស្ដារឡើងវិញនៅតាមតំបន់​រំដោះចំនួន ២១៦កន្លែង។

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Yevgeny Ilyin ធ្វើឡើង​នៅក្នុងកិច្ចប្រជុំអន្តរ​ក្រសួងនៅថ្ងៃពុធ​សប្ដាហ៍នេះ ពាក់ព័ន្ធនឹង ស្ថានភាព​ជនភៀស​ខ្លួនស៊ីរី៕