(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលនៃ​អតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ជិតឈាន​ដល់ការបំផ្ទុះសង្រ្គាម​ជាមួយកូរ៉េខាងជើង ​នៅក្នុងអាណត្តិរបស់ខ្លួន ហើយថាបើលោក​មិនបានជាប់ឆ្នោត ជា​ប្រធានាធិបតីអាមេរិកទេនោះ ម្ល៉េះសង្រ្គាម​នេះផ្ទុះឡើង​បាត់ទៅ​ហើយ។ នេះបើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ លើកឡើងបែបនេះ​​នៅក្នុងសន្និសីទសារព័ត៌មាន​មួយថ្ងៃពុធ សប្ដាហ៍​នេះ (ម៉ោងក្នុង​​ទីក្រុងញូយ៉ក)។ ថ្លែង​នាឱកាសនោះ ប្រធានាធិបតី​អាមេរិករូបនេះ​​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អតីតប្រធានាធិបតី​ លោក អូបាម៉ា ធ្លាប់ជិតឈាន​ដល់ការបំផ្ទុះ​សង្រ្គាម​ ជា​មួយកូរ៉េខាងជើងទៅហើយ។ សង្រ្គាម​នេះមិនមែ​ន​ត្រឹមនឹងសម្លាប់មនុស្ស​រាប់ពាន់នាក់នោះទេ ពោលបើ​វាផ្ទុះឡើង មនុស្ស​រាប់លាននាក់​នឹងត្រូវ​រងការកាប់សម្លាប់ ហើយវា​អាចនឹងបង្កជាសង្រ្គាម​លោកថ្មីមួយក៏ថា​បាន... ប៉ុន្តែសំណាងល្អ​ដែលខ្ញុំបានជាប់ឆ្នោត​ជាប្រធានាធិបតី អាមេរិក និងប្រើប្រាស់​ទំនាក់ទំនងជាមួយ​លោក គីម ជុងអ៊ុន ទប់ស្កាត់​សង្រ្គាមនេះ​មិនឱ្យ​ផ្ទុះឡើង»

គួរជម្រាបថា នេះមិនមែនជាលើកទីមួយ​ឡើយ​ដែល​លោក ដូណាល់ ត្រាំ អះអាង​បែបនេះ។ ជាក់ស្ដែងនៅក្រោយ​ជំនួបជាមួយ​លោក គីម កាលពីខែមិថុនា ក្នុងប្រទេស​សិង្ហបុរី លោកក៏ធ្លាប់​និយាយដែរថា លោក អូបាម៉ា ជិតបំផ្ទុះសង្រ្គាម​ជាមួយ​កូរ៉េខាងជើង នៅមុនលោកបញ្ចប់​អណត្តិជា​ប្រធានាធិបតី។

ក៏ប៉ុន្តែ​បើគេចាំមិនភ្លេច​ កាលពីអំឡុងសុន្ទរកថា​ នៅចំពោះមុខមហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពីឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ ខ្លួនឯងទៅវិញ​ទេដែលគំរាម​ធ្វើសង្រ្គាម និងកម្ទេច​ទីក្រុងព្យុងយ៉ាង​ឱ្យក្លាយជាផេះ ​តាមរយៈការអួត​ពីប៊ូតុង​នុយក្លេអ៊ែរជាមួយ លោក គីម ជុងអ៊ុន​ ដែលលោកធ្លាប់​ហៅថា បុរសគ្រាប់​រ៉ុក្កែត៕