(ស្រីលង្កា)៖ ប៉ូលិសស្រីលង្កា បានឃាត់ខ្លួនបុរស៣នាក់ ស្ថិតនៅក្នុងចំណោមមនុស្សមួយក្រុម ដែលស្រាតខោថតរូបនៅឯតំបន់ រម្មណីយដ្ឋានបុរាណដ៏ពិសិដ្ឋមួយកន្លែងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមប៉ូលិសស្រីលង្កា ការចាប់ខ្លួនបុរសទាំង៣នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបង្ហោះរូបថតស្រាត នៅឯរម្មណីយដ្ឋាន Sigiriya នៃប្រាសាទ Pidurangala លើបណ្ដាញទំនាក់ទំនងសង្គម Facebook។ ការបង្ហោះរូបភាពអាក្រាតទាំងនេះបានបង្កជា ការខឹងសម្បារយ៉ាងខ្លាំងដល់ប្រជាជនស្រីលង្កា ដែលចាត់ទុកថាវាគឺជាការប្រមាថដល់សាសនា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប៉ូលិសកំពុងស្រាវជ្រាវតាមរកអ្នកជាប់ពាក់ព័ន្ធដទៃទៀត ហើយការឃាត់ខ្លួនបុរសទាំង៣នាក់ ធ្វើឡើងតាម រយៈពាក្យបណ្ដឹងរបស់ព្រះសង្ឃមួយអង្គ ដែលបានអះអាងថាការថតរូបអាក្រាតកាយនៅបរិវេណតំបន់រូងភ្នំ Sigiriya ដែលជាតំបន់បេតិភណ្ឌវប្បធម៌ពិភពលោកមួយរបស់អង្គការ Unesco គឺជាការប្រមាថធ្ងន់ធ្ងរដល់សាសនា៕