(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែតុលាខាងមុខនេះ ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងការរៀបចំជំនួបកំពូលជាលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមក្រសួងការបរទេស អាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ការប្រកាសបែបនេះរបស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយជំនួបរវាងលោក ប៉ុមប៉េអូ និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ក្រសួងការបរទេសអាមេរិក បានឱ្យដឹង ដូច្នេះថា៖ «លោករដ្ឋមន្ត្រីការបរទេសប៉ុមប៉េអូ បានទទួលលិខិតអញ្ជើញពីលោកប្រធានគីម ក្នុងការបំពេញដំណើរទស្សនកិច្ចទៅ កាន់ទីក្រុងព្យុងយ៉ាង នៅខែតុលាខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវរៀបចំជំនួបកំពូលជាលើកទី២ រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធាន គីម»។
គួររំលឹកថា លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្លាប់មានគំរោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ម្ដងរួចមកហើយកាលពី ខែសីហាកន្លងទៅ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានលុបចោលទៅវិញដោយលោក ដូណាល់ ត្រាំដោយអះអាងថាមកពីខ្វះភាព រីកចំរើននៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ហើយបើសិនជាដំណើរទស្សនកិច្ចនេះកើតឡើងមែន នោះវានឹងក្លាយជាលើកទី៤ ដែល លោក ប៉ុមប៉េអូ យកជើងជាន់ដីកូរ៉េខាងជើង៕