(ព្រុចសែល)៖ គណៈកមា្មការអឺរ៉ុប នៅថ្ងៃពុធនេះ បានឱ្យដឹងថាទីបំផុតក្រុមហ៊ុន Facebook និង Google បានយល់ព្រមចាត់វិធាន ការដោយស្ម័គ្រចិត្ត ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ឬ Fake News ដោយសារតែការព្រួយបារម្ភខ្លាចក្រែងព័ត៌មាន ទាំងនេះអាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតនៅតាមបណ្ដាប្រទេសអឺរ៉ុបនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ការសម្រេចចិត្តចាត់វិធានការរបស់ក្រុមយក្សបច្ចេកវិទ្យាអាមេរិកទាំងពីរ ធ្វើឡើងបន្ទាប់ពីគណៈកម្មាការអឺរ៉ុប កាលពីដើមឆ្នាំកន្លងទៅ បានប្រាប់ឱ្យក្រុមហ៊ុន Facebook និង Google រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ចាត់វិធានការទប់ស្កាត់ការចែកចាយព័ត៌មាន មិនពិតដោយខ្លួនឯង បើពុំដូច្នោះទេ សហភាពអឺរ៉ុប នឹងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនទាំងនេះ សម្រាប់ការបរាជ័យមិនបានធ្វើ អ្វីគ្រប់គ្រាន់ដើម្បីលុបចោលនូវព័ត៌មានមិនពិត ឬព័ត៌មានបង្កការយល់ច្រឡំនៅលើបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន។
គួរបញ្ជាក់ថា បើតាមគណៈកម្មការអឺរ៉ុប វិធានការរបស់ក្រុមហ៊ុន Facebook និង Google ក្នុងនោះរួមមានការត្រួតពិនិត្យ និងតាម ដាន ក៏ដូចជាបិទ ឬប្លុកគណនី ឬក៏គេហទំព័រទាំងឡាយណាដែលជួយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕