(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតមិនដាច់ពីមាត់ តែវាយប្រហារ លើអ៊ីរ៉ង់ វេណេស៊ុយអេឡាព្រមទាំងតុលាការព្រហ្មទណ្ឌអន្តជាតិ ICC នៅអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ការថ្លែងសាររបស់លោក ត្រាំ នៅក្នុងឆ្នាំនេះ នៅតែបង្កប់នូវគំនិតគាំពារនិយម ការពារតែផលប្រយោជន៍អាមេរិក។ ខាងក្រោមនេះគឺជាចំណុចទាំង០៥ ដែលគួរតែស្វែងយល់ពីសុន្ទរកថារបស់ប្រធានាធិបតី អាមេរិករូបនេះ៖

១៖ «នៅក្នុងរយៈពេលត្រឹមតែ២ឆ្នាំ រដ្ឋបាលរបស់ខ្ញុំសម្រេចបាននូវសមិទ្ធិផលជាច្រើននៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក បើធៀបទៅនឹងរដ្ឋបាលអាមេរិកមុន»។ ការថ្លែងបែបនេះគឺជារឿងចម្លែកមួយសម្រាប់មេដឹកនាំ និងប្រតិភូរដ្ឋាបាលមួយចំនួន ដែល អង្គុយនៅក្នុងសាលស្ដាប់លោកថ្លែងសុន្ទរកថា និងនាំគ្នាសើចដោយឥតព្រៀងទុកនៅពេលលឺបែបនេះ ព្រោះពួកគេជឿថាអ្វីដែល រដ្ឋបាលអាមេរិករបស់លោកត្រាំ កំពុងធ្វើមិនមែនដើរលើត្រឹមត្រូវនោះទេ តែធ្វើដើម្បីតែឈ្នះ។

២៖ «សហរដ្ឋអាមេរិកត្រូវតែដឹកនាំដោយជនជាតិអាមេរិក ហើយយើងច្រានចោលគំនិតសកលភាវូនីយកម្មនិយម និងទទួលយកគំនិត ស្នេហាជាតិ»។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ថាសហរដ្ឋអាមេរិកល្អគ្មាន នរណាដូច ដូច្នេះមិនចាំបាច់មាននរណាម្នាក់មកប្រាប់ឱ្យអាមេរិក ធ្វើនេះធ្វើនោះនោះទេ។ លើសនេះពីទៅទៀត លោក ត្រាំ ក៏បាន ចោទប្រកាន់ផងដែរថា អង្គការពាណិជ្ជកម្មពិភពលោក WTO និង ICC គឺជាស្ថាប័នអន្តរជាតិមួយដែលគ្មានយុត្តិធម៌​។

៣៖ «មេដឹកនាំអ៉ឺរ៉ង់ គឺជាមេបង្កចលាចល ការស្លាប់ និងបំផ្លិចបំផ្លាញនៅមជ្ឈិមបូព៌ា...ប៉ុន្តែនៅអារ៉ាប៊ីសាអូឌីត ព្រះមហាក្សត្រ និងរាជទាយាតអារ៉ាប៊ីសាអូឌីតកំពុងធ្វើកំណែទម្រង់មួយយ៉ាងល្អ ខណៈអ៊ីស្រាអែលកំពុងដើរផ្លូវប្រជាធិបតេយ្យ។ ក៏ប៉ុន្តែលោកត្រាំ ភ្លេចនិយាយឱ្យឈឹងពីការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតនៅយ៉េមែន ដែលក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ចោទថាជាឧក្រិដ្ឋកម្មសង្រ្គាម ព្រមទាំងការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនដោយយោធាអ៊ីស្រាអែល ក៏លោកត្រាំ មិនបានរំលឹក សូម្បីបន្តិច។

៤៖ «ប្រជាជាតិទាំងអស់នៅលើពិភពលោកគួរតែប្រយុទ្ធតស៊ូនឹងរបបសង្គមនិយមដែលបង្កទុក្ខវេទនាដល់មនុស្សគ្រប់គ្នា។ ក្នុងន័យ នេះ យើងស្នើប្រជាជាតិទាំងអស់ចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីស្ដារលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡា ឡើងវិញ។ ថ្ងៃនេះយើងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរបបផ្ដាច់ការនីកូឡាស់ ម៉ាឌូរ៉ូ រួមទាំងសាច់ញ្ញាតិ និងមនុស្ស ជំនិតរបស់លោក»។

បច្ចុប្បន្ន ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ មិនទាន់ទទួលបានលទ្ធផលអ្វីនោះ ទេ ប៉ុន្តែវាបានធ្វើសេដ្ឋកិច្ចវេណេស៊ុយអេឡាកាន់តែយ៉ាប់យ៉ឺន ខណៈប្រជាជនវេណេស៊ុយអេឡា កំពុងរស់នៅក្នុងក្រោមភាពក្រីក្រ និងរាប់លាននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ មួយវិញទៀត នយោបាយដាក់ទណ្ឌកម្មនេះទៀតសោត បានធ្វើឱ្យលោក ម៉ាឌូរ៉ូ កាន់តែមានឱកាសប្រើវាជាលេសប្រាប់ប្រជាជនរបស់លោកថា វេណេស៊ុយអេឡា គឺជាជនរងគ្រោះនិងអំពាវនាវឱ្យមានការ រួបរួម និងឯកភាពជាតិប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន។

៥៖ «យើងបានសន្យាជាមួយកូរ៉េខាងជើង ថានឹងជំនួសជម្លោះជាមួយសន្តិភាព»។ ការលើកឡើងបែបនេះ របស់ លោក ដូណាល់ ត្រាំ ធ្វើឱ្យគេគ្រប់គ្នានឹងដល់សុន្ទរកថារបស់លោកនៅឯមហាសន្និបាត UN កាលពីឆ្នាំមុន ពោលគឺនៅពេលនោះលោកបានហៅមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាជាបុរសគ្រាប់រ៉ុក្កែត និងចាត់ទុកទីក្រុងព្យុងយ៉ាងថាជាការគំរាមកំហែងធំបំផុតសម្រាប់ សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិករូបនេះ ក៏ធ្លាប់បានព្រមានកម្ទេចកូរ៉េខាងជើងឱ្យកា្លយជាផេះផងដែរ។ ប៉ុន្តែ នៅថ្ងៃអង្គារសប្ដាហ៍ នេះលោក ត្រាំ បានលេបយកសម្ដីមាសទាំងនេះចូលទៅក្នុងពោះវិញ ជាមួយការអរគុណដល់លោក គីម ជុងអ៊ុន នៅចំពោះមុខ មេដឹកនាំពិភពលោក និងជំនួសកូរ៉េខាងជើងដោយអ៊ីរ៉ង់ថាជាការគំរាមកំហែងធំបំផុតសម្រាប់អាមេរិក៕

ប្រភព៖ Russian Today​