(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការពារជាតិឥណ្ឌា បើកភ្លើងខៀវឲ្យទិញម៉ាស៊ីនរហូតដល់១,០០០គ្រឿង សម្រាប់រថក្រោះធុន T-72 ដែលបង្កើតឡើងតាំងពីជំនាន់សម័យសូវៀត ដើម្បីបង្កសក្តានុពលនៃវិស័យការពារជាតិ របស់ប្រទេសមហាយក្សលេខ ២ ប្រចាំទ្វីបអាស៊ីនេះបន្ថែមទៀត៕
២៖ ថ្វីបើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាមេដឹកនាំវ័យក្មេងមួយរូបក៏ពិតមែន តែលោកជាមនុស្សស្មោះត្រង់និងគោរព ពាក្យសម្ដីរបស់ខ្លួនឯងណាស់ ដូច្នេះលោកនឹងរក្សាពាក្យសន្យា «លុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងពីឧបទ្វីបកូរ៉េ»។ នេះគឺជាការគូសបញ្ជាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន៕
៣៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបន្តទទួលបានទំនុកចិត្តនិងមានប្រជាប្រិយភាពខ្ពស់ដដែលនៅក្នុងចិត្តប្រជាជន ខណៈដែលការប្រើកណ្តាប់ដៃដែក ដើម្បីដោះស្រាយអំពើឧក្រិដ្ឋកម្ម និងជួញដូរ-ប្រើប្រាស់គ្រឿងញៀននៅតែបន្តប្រព្រឹត្ត ទៅ និងទទួលបានជោគជ័យ ទោះបីជាមានការរិះគន់ពីក្រុមសិទ្ធិមនុស្សអន្តរជាតិ យ៉ាងណាក៏ដោយ៕
៤៖ មួយរយៈចុងក្រោយនេះ ផ្ទាំងធូលីដែលនៅហ៊ុមព័ទ្ធលើភពអង្គារ (Mars) ដោយសារព្យុះនោះ ហាក់បានរំសាយទៅវិញបានច្រើនគ្រាន់បើហើយ ខណៈយានរុករក Opportunity តម្លៃ ៤០០លានដុល្លាររបស់ទីភ្នាក់ងារអវកាស NASA ទីបំផុតត្រូវគេប្រទះឃើញពីទីអវកាស៕
៥៖ អនុរដ្ឋមន្រ្តីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដេដ (Faisal Mekdad) បានថ្លែងថា នៅពេលប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៉ី S-300 មកដល់អ៊ីស្រាអែល នឹងត្រូវបង្ខំចិត្តគិតគូរពិចារណាឲ្យបានល្អិតល្អន់ឡើងវិញ មុនពេលសម្រេចចិត្តវាយប្រហារមកលើប្រទេសស៉ីរី ជាថ្មីម្តងទៀត៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បានដំឡើងសសៃកដាក់គ្នា យ៉ាងខ្លាំងនាឱកាសថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយលោកត្រាំ បានចោទប្រកាន់ត្រង់ៗថាមេដឹកនាំអ៉ីរ៉ង់គឺជាមេបង្កចលាចល ការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងតំបន់មជ្ឈិមបូព៌ា៕