(អាមេរិក)៖ ខណៈក្រុមហ៊ុនអវកាសធំៗនៅជុំវិញពិភពលោក កំពុងផ្តោតសំខាន់ទៅលើការនាំជនទូទៅឡើងទៅធ្វើទេសចរណ៍ នៅក្នុងទីអវកាសរហូតដល់ឋានព្រះច័ន្ទជាដើមនោះ សំណួរបែបងឿងឆ្ងល់ជាច្រើនក៏បានផុសផុលឡើងផងដែរ ជាពិសេស នោះគឺការចង់ដឹងឲ្យច្បាស់ថា តើអ្នកទេសចរអវកាសដំបូងគេទាំងនោះនឹងត្រឡប់មកផែនដីដោយសុវត្ថិភាពតាមរបៀបណា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Engadget នៅល្ងាចថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ដោយប្រឈមជាមួយសម្ពាធនៃលំហអវកាស ដែលនឹងធ្វើឲ្យសួតរបស់អ្នករីកធ្លាយ មុនពេលដែលអ្នកត្រូវត្រជាក់រហូតដល់កកស្លាប់ រួមជាមួយការទទួលរងរលកវិទ្យុសកម្មអវកាសក្នុងកម្រិតដ៏គ្រោះថ្នាក់ ព្រមទាំងការប្រែប្រួលផ្នែកអារម្មណ៍ ដែលបង្កឡើងដោយភាពមានកម្លាំងទំនាញតិចតួច (Microgravity) និងការកើតស្រ្តេសដោយសារនៅដាច់ឆ្ងាយ ក្នុងបរិស្ថានដ៏ប្លែក និងមិនអំណោយផលនោះ ការធ្វើដំណើរឡើងទៅផុតពីដែនទំនាញផែនដី គឺពុំមែនជាសកម្មភាព សម្រាប់បុគ្គលដែលខ្វះការត្រៀមលក្ខណៈ ឬក៏មានស្មារតីទន់ខ្សោយឡើយ។
តាំងពីដើមមក បុគ្គលដែលធ្លាប់បានឡើងទៅកាន់ទីអវកាស សុទ្ធតែជាអវកាសយានិក ដែលបានឆ្លងកាត់ការហ្វឹកហាត់ និងត្រៀមខ្លួនយ៉ាងពិសេសលើសពីជនធម្មតា រហូតប្រើពេលរាប់ទសវត្សរ៍។ យ៉ាងណាមិញ នៅពេលជនសាមញ្ញទូទៅ តែមានទ្រព្យសម្បត្តិហូរហៀរ ចាប់ផ្តើមគ្រោងធ្វើដំណើរកម្សាន្តនៅទីអវកាសនោះ បញ្ហាផ្នែកសុខភាពក៏ដូចជាសុវត្ថិភាពផ្សេងៗ នឹងលេចឡើងជាក់ជាពុំខាន។
អ្នកទេសចរអវកាសភាគច្រើនត្រូវគេរំពឹងថា នឹងឡើងទៅកាន់ទីអវកាស ដោយនាំយកជំងឺជាប់ខ្លួនទៅជាមួយ ហើយអ្វីដែលសំខាន់នោះ គឺសម្ភារៈវេជ្ជសាស្រ្ត គឺជារឿងមិនខ្វះបានដាច់ខាត នៅក្នុងការធ្វើដំណើរបែបនេះ។ ទន្ទឹមនឹងនេះ ដោយសារតែបុគ្គលទាំងនោះ ពុំមែនជាអវកាសយានិកដែលមានការហ្វឹកហាត់ខ្ពស់ គោលការណ៍ផ្នែកសង្រ្គោះបន្ទាន់ ព្រមទាំងឧបករណ៍វេជ្ជសាស្រ្ត នឹងត្រូវតែធ្វើការសម្របខ្លួនទៅតាមនោះ។
យ៉ាងណាមិញ កត្តាដ៏សំខាន់បំផុតនៃការបង្កើតឧបករណ៍វេជ្ជសាស្រ្ត សម្រាប់ការប្រើប្រាស់ក្នុងទីអវកាស គឺរួមមានការកាត់បន្ថយទម្ងន់ ចំណុះ និងការប្រើថាមពលជាដើម។ ដូច្នេះហើយ ការធ្វើឲ្យកត្តាទាំងនេះមានភាពងាយយល់ នឹងជួយកាត់បន្ថយពេលវេលា នៃការហាត់រៀនរបស់អ្នកប្រើប្រាស់ មុនពេលដែលពួកគេអាចប្រើឧបករណ៍ទាំងនេះ ដោយត្រឹមត្រូវបាន។
ម៉្យាងវិញទៀតវាក៏មានន័យថា ឧបករណ៍វេជ្ជសាស្រ្តងាយស្រួលក្នុងការប្រើប្រាស់ ក្នុងចំនួនយ៉ាងច្រើន នឹងមានវត្តមាននៅតាមជើងទេសចរណ៍អវកាសទាំងនេះ ដូចជាម៉ាស៊ីនកន្រ្តាក់ចង្វាក់បេះដូង (Defibrillator) ជាដើមធៀបនឹងបេសកកម្មអវកាសរបស់រដ្ឋាភិបាល ដោយក្នុងការហោះហើររបស់ ទីភ្នាក់ងារអវកាស NASA គឺពុំមានវត្តមានម៉ាស៊ីនទាំងនេះឡើយ ព្រោះវាជារឿងពុំចាំបាច់ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងការធ្វើទេសចរណ៍អវកាសបែបនេះ ការធ្វើយ៉ាងណាធានាឲ្យបាននូវជីវិតអ្នកធ្វើដំណើរទាំងអស់នោះ គឺជាក្តីព្រួយបារម្ភដ៏ធំជាងរបកគំហើញវិទ្យាសាស្រ្ត។
ក្រៅពីនេះ រលកវិទ្យុសកម្មក្នុងទីអវកាស ក៏ជារឿងគ្រោះថ្នាក់មួយផងដែរ សម្រាប់អ្នកទេសចរខាងលើ ហើយវាមានប្រភពចម្បងៗពីរ ដោយទីមួយមកពីព្យុះព្រះអាទិត្យ (Solar Flare) តែវាកម្រកើតមាន ខណៈទីពីរគឺជាប្រភេទ Comic Ray ដែលបញ្ចេញមកពីគ្រប់ផ្កាយទាំងអស់ នៅទូទាំងកាឡាក់ស៊ី។
ដោយសារតែបេសកកម្មបែបទេសចរណ៍ទាំងនេះ ត្រូវគេអះអាងថា មិនប្រព្រឹត្តទៅលើសពី០១សប្តាហ៍ឡើយនោះ ហានិភ័យនៃ Cosmic Ray គឺមានកម្រិតតិចតួចស្តួចស្តើងប៉ុណ្ណោះ។ សម្រាប់ Solar Flare អាចនឹងនៅបញ្ហា ប៉ុន្តែគេអាចចាប់សញ្ញាវាមុនបាន ដូច្នេះហើយបើវាកើតឡើងនៅមុនការចេញដំណើរនោះ គឺគ្រាន់តែត្រូវផ្លាស់ប្តូរកាលបរិច្ឆេទឡើងវិញទៅបានហើយ។ ប៉ុន្តែជំងឺមហារីក ជះផលប៉ះពាល់ដល់មនុស្សក្នុងរបៀបខុសៗគ្នា។ មនុស្សមានវ័យក្រោម ៣០ឆ្នាំ ត្រូវគេអះអាងថា មានហានិភ័យខ្ពស់ក្នុងការកើតជាជំងឺមហារីក។
ទោះជាបែបនេះក្តី បច្ចេកវិទ្យាការពាររលកវិទ្យុសកម្មនាសម័យទំនើបនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការធ្វើទេសចរណ៍ឆ្ពោះទៅកាន់គោលដៅមួយចំនួន នៅក្បែរៗភពរបស់យើង ដូចដែលក្រុមហ៊ុន SpaceX និង Blue Origin បានលើកឡើង ហើយការចុះចតមកផែនដីវិញ គឺមិនខុសពីវិធីដែលអវកាសយានិកជំនាញនានាធ្លាប់បានធ្វើកន្លងមកនោះឡើយ៕