(ញូយ៉ក)៖ ថ្វីបើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាមេដឹកនាំវ័យក្មេងមួយរូបក៏ពិតមែន តែលោកជាមនុស្សស្មោះត្រង់ និងគោរពពាក្យសម្ដីរបស់ខ្លួនឯងណាស់ ដូច្នេះលោកនឹងរក្សាពាក្យសន្យា «លុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងពីឧបទ្វីបកូរ៉េ»។ នេះគឺជាការគូសបញ្ជាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អាមេរិក Fox News នៅថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) លោក មូន ជែអ៊ីន ក៏បានអះអាងដែរថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា កូរ៉េខាងជើង នឹងរំសាយចោលអាវុធនុយក្លេអ៊ែរ ព្រោះវាគឺជាពាក្យសន្យាចេញពីមាត់របស់លោក គីម ជុងអ៊ុន។
នៅក្នុងបទសម្ភាសន៍នោះ លោក មូន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មនុស្សជាច្រើនមិន ជឿឡើយថា កូរ៉េខាងជើងនឹងរំសាយអាវុធនុយក្លេអ៊ែរតាមការសន្យា ដោយសារតែការសន្យា និងកិច្ចព្រមព្រៀងបែបនេះបានបរាជ័យជាច្រើនដងរួចមកហើយ... ក៏ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយនេះ គឺខុសគ្នាទាំងស្រុងពីកិច្ចព្រមព្រៀងមុនៗ ដ្បិតវាត្រូវបានព្រមព្រៀង ដោយប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងដោយផ្ទាល់»។
គួររំលឹកថា លោក គីម ជុងអ៊ុន បានសន្យារំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងជំនួបកំពូលនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ជាមួយលោក ដូណាល់ ត្រាំ។ ប៉ុន្តែអ្នកជំនាញជាច្រើន បានរិះគន់លើកិច្ចព្រមព្រៀងនេះដោយអះអាងថា វាមិនបានបញ្ជាក់លម្អិតពីមធ្យោបាយជាក់លាក់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរឡើយ។
បច្ចុប្បន្នលោក មូន ជែអ៊ីន កំពុងស្ថិតនៅក្នុងសហរដ្ឋមេរិក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុង ញូយ៉ក ខណៈមានការរំពឹងទុកជាច្រើនថា ក្រុមមន្ត្រីកូរ៉េខាងជើង និងអាមេរិក នឹងជួបពិភាក្សាគ្នាស្ដីពីការរៀបចំជំនួបកំពូលរវាង លោក ត្រាំ និងលោកគីម ជាលើកទី ២៕