(អ៊ីស្ដង់ប៊ូល)៖ ប៉ូលិសតួកគីនៅថ្ងៃពុធនេះ បានចាប់និងឃុំខ្លួនមនុស្សយ៉ាងហោចណាស់ ៣៩នាក់ ពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធ នឹងបណ្ដាញធ្វើរដ្ឋប្រហារមិនបានសម្រេច នៅក្នុងប្រទេសតួកគីកាលពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប៉ូលិសតួកគីបានបើកប្រតិបត្តិការវាយឆ្មក់នៅតាមទីតាំងជាច្រើន នៅទូទាំងខេត្តចំនួន ២៣ ប្រឆាំងនឹងជនសង្ស័យ ៧៣នាក់។ ប៉ុន្តែពួកគេបានចាប់ និងឃុំខ្លួនមនុស្សតែ ៣៦នាក់ប៉ុណ្ណោះ ក្នុងរួមមានទាំងមានទាហានជាច្រើននាក់ផងដែរ។
គួររំលឹកថា កាលពីដើមសប្ដាហ៍កន្លងទៅ ប៉ូលិសតួកគីបានឃាត់ខ្លួនមនុស្ស ១០៨នាក់ ក្នុងនោះរួមមានទាហានអតីតគ្រូបង្រៀន និងអតីតមន្ត្រីប៉ូលិសនៅក្នុងប្រតិបត្តិការមួយក្នុងទីក្រុងអង់ការ៉ា និងអ៊ីស្ដង់ប៊ូលដោយចោទថា អ្នកទាំងនេះមានជាប់ពាក់នឹងបណ្ដាញ ធ្វើរដ្ឋប្រហារមិនបានសម្រេចដែលសម្លាប់មនុស្ស ២០៥នាក់ កាលពីខែកក្កដា ឆ្នាំ២០១៦៕