(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបន្តទទួលបានទំនុកចិត្តនិងមានប្រជាប្រិយភាពខ្ពស់ដដែលនៅក្នុងចិត្តប្រជាជន ខណៈដែលការប្រើកណ្តាប់ដៃដែក ដើម្បីដោះស្រាយអំពើឧក្រិដ្ឋកម្ម និងជួញដូរ-ប្រើប្រាស់គ្រឿងញៀននៅតែបន្តប្រព្រឹត្តទៅ និងទទួលបានជោគជ័យ ទោះបីជាមានការរិះគន់ពីក្រុមសិទ្ធិមនុស្សអន្តរជាតិ យ៉ាងណាក៏ដោយ។ នេះបើតាមលទ្ធផលស្ទង់មតិឯករាជ្យមួយ ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ការស្ទង់មតិខាងលើដោយក្រុមហ៊ុន ផាលអាស៊ី (Pulse Asia) Inc. ដែលធ្វើឡើងកាលពីថ្ងៃទី០១ ដល់ទី០៧ ខែកញ្ញា បានបង្ហាញថា ៧៥ភាគរយនៃជនជាតិហ្វីលីពីន ១,៨០០នាក់មានវ័យចាប់ពី ១៨ឆ្នាំ ឡើងទៅ ដែលបានចូលរួមចែករំលែកការយល់ឃើញរបស់ពួកគេនោះ បានសម្តែងការពេញចិត្តចំពោះរបៀបដឹកនាំប្រទេសរបស់លោក ឌូតឺតេ។ ក្រោពីនេះសំឡេង ៧២ភាគរយ ក៏បានបន្តផ្តល់ទំនុកចិត្តខ្ពស់ចំពោះមេដឹកនាំវ័យ ៧៣ឆ្នាំរូប នេះផងដែរ។
គួរជម្រាបថា ទោះបីលទ្ធផលស្ទង់មតិខាងលើ បានបង្ហាញការធ្លាក់ចុះ ១៣ភាគរយ ធៀបនឹងលទ្ធផលស្ទង់មតិ ៨៨ភាគរយ កាលពីខែមិថុនាកន្លងទៅក៏ដោយ អ្នកនាំពាក្យលោក ឌូតឺតេ បានលើកឡើងថា វានៅតែមានកម្រិតប្រជាប្រិយភាពខ្ពស់មួយដដែល បើធៀបនឹងអត្រានៃប្រជាជនហ្វីលីពីនទាំងអស់។
លោក ឌូតឺតេ បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមិថុនា ឆ្នាំ២០១៦ ខណៈលោកបានប្តេជ្ញាថា នឹងកម្ចាត់អំពើពុករលួយ ហើយពង្រឹងច្បាប់ និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសហ្វីលីពីនឡើងវិញ តាមរយៈការប្រើកណ្តាប់ដៃដែកប្រឆាំងនឹងឧក្រិដ្ឋជន គ្រឿងញៀន ក៏ដូចជាក្រុមភេរវករនៅទូទាំងប្រទេស ជាពិសេសភាគខាងត្បូង៕