(ញូយ៉ក)៖ ប្រធានាធិបតីតួកគីត្រូវបានគេរាយការណ៍ថា បានដើរចេញពីសាលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉កនៅថ្ងៃអង្គារសប្ដាហ៍នេះ អំឡុងពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ខ្លួនទៅកាន់អង្គសន្និបាត UN។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញសេចក្ដីរាយការណ៍នេះដែរ មានអ្នកខ្លះថាលោក អឺដូហ្កាន់ ដើរចេញពីសាលប្រជុំ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះលោក ដូណាល់ ត្រាំ។ ប៉ុន្តែ អ្នកសារព័ត៌មានតួកគី លោក រ៉ាហ្គីប សយលូ (Ragip Soylu) បានអះអាងការចេញរបស់លោក អឺដូហ្កាន់ គឺជារឿងធម្មតាតែប៉ុណ្ណោះ ពីព្រោះលោកចាកចេញពីសាលប្រជុំ ដើម្បីរៀបចំសុន្ទរកថារបស់លោក។
លោក Soylu បានគូសបញ្ជាក់នៅលើ Twitter យ៉ាងដូច្នេះថា «លោក អឺដូហ្កាន់ បានចាកចេញពីសាលប្រជុំអំឡុងពេលលោក ត្រាំ ថ្លែងសុន្ទរកថា មិនមែនមកពីលោកមិនពេញចិត្តនោះទេ ប៉ុន្តែលោកគ្រាន់តែចាកចេញ ដើម្បីត្រៀមសុន្ទរកថារបស់លោកក្រោយលោក ត្រាំ បញ្ចប់ការថ្លែងសារតែប៉ុណ្ណោះ»។
គួរជម្រាបថា កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ ក្នុងទីក្រុងញូយ៉កបានចាប់ផ្ដើមតាំងតែថ្ងៃទី១៨ ខែកញ្ញា មកម្លេះ។ ចំណែកឯ ការជជែកដេញដោលរបស់មហាសន្និបាត បានចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍នេះ រហូតដល់ថ្ងៃទី០១ ខែតុលា ក្រោមការចូលរួមពីសំណាក់អ្នកតំណាងមកពី ១៩១ប្រទេស ក្នុងនោះមានប្រមុខរដ្ឋ ១៣០រូប៕