(អាមេរិក)៖ មួយរយៈចុងក្រោយនេះ ផ្ទាំងធូលីដែលនៅហ៊ុមព័ទ្ធលើភពអង្គារ (Mars) ដោយសារព្យុះនោះ ហាក់បានរំសាយទៅវិញបានច្រើនគ្រាន់បើហើយ ខណៈយានរុករក Opportunity តម្លៃ ៤០០លានដុល្លាររបស់ទីភ្នាក់ងារអវកាស NASA ទីបំផុតត្រូវគេប្រទះឃើញពីទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
កាលពីថ្មីៗនេះ ផ្កាយរណប MRO របស់ NASA បានផ្តិតយករូបភាពនៃយាន Opportunity ដែលស្ថិតនៅជ្រលង ភែសែវែរែន (Perseverance Valley) លើមាត់រណ្តៅទំហំ ២២គីឡូម៉ែត្រ (Endeavour Crater) នៃភពក្រហមនេះ ខណៈ MRO ស្ថិតនៅចម្ងាយ ២៦៧គីឡូម៉ែត្រ ពីផ្ទៃរបស់ភព Mars។
យ៉ាងណាមិញទោះជាវាត្រូវគេមើលឃើញពី ទីអវកាសក៏ដោយក៏យាន Opportunity នៅតែទាន់ភ្ជាប់ការទាក់ទងឡើងវិញបាន ជាមួយក្រុមបេសកកម្មនៅផែនដីដដែល គិតចាប់តាំងពីខែមិថុនាមក។ ក្រោយពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ ព្យុះធូលីដ៏អាក្រក់មួយបានធ្វើឲ្យផ្ទៃមេឃភពអង្គារបាត់បង់ពន្លឺ នៅលើយានរុករក ដែលដើរដោយថាមពលព្រះអាទិត្យនេះ រហូតមិនអាចធ្វើឲ្យ Opportunity មានឱកាសប្រមូលយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ សម្រាប់សាកថ្មរបស់វា។
បន្ទាប់មកទៀតមិនយូរប៉ុន្មានឡើយ ព្យុះនេះក៏បានគ្រប់ដណ្តប់ភព Mars មួយទាំងមូលតែម្តង ប៉ុន្តែកាលពីចុងខែកក្កដាវិញ វាបានចាប់ផ្តើមថមថយឥទ្ធិពលទៅវិញ ហើយផ្ទៃមេឃក៏ចាប់ផ្តើមមានភាពស្រស់ស្រាយឡើងវិញដែរ នៅពាក់កណ្តាលខែកញ្ញានេះ ខណៈក្រុមការងារ Opportunity ក៏បានស្ទុះមកប្រឹងប្រែងភ្លាមៗ ដើម្បីតភ្ជាប់ការទាក់ទងឡើងវិញជាមួយយានកង់ ០៦នេះ។
គួរជម្រាបថា យាន Opportunity បានចំណាយពេលជាង ១៤ឆ្នាំ ធ្វើការរុរករកនៅលើផ្ទៃភពអង្គារ។ យានដែលមានទំហំប៉ុនយានជំនិះដែលយើងនិយមឃើញគេជិះក្នុងទីលានវាយកូនគោលនេះ បានចុះទៅដល់ Mars កាលពីខែមករា ឆ្នាំ២០០៤ ពោលគឺនៅ០៣សប្តាហ៍ក្រោយពីយានភ្លោះរបស់វា ឈ្មោះ Spirit បានទៅដល់តំបន់មួយផ្សេងទៀត នៅលើភពក្រហមនេះ៕