(ការ៉ាកាស់)៖ ក្រោយមានការព្រមានពីរដ្ឋមន្រ្តីការបរទេសអាមេរិក ទីបំផុតទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងវេណេស៊ុយអេឡា ដោយលើកនេះទៅលើលោកជំទាវទី ១ ដែលជាភរិយារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ រួមជាមួយនិងមន្រ្តីកំពូលៗមួយចំនួនទៀត។ នេះបើតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រៅពីលោកស្រី ស៊ីលីយ៉ា ហ្វ្លរែស ម៉ាឌូរ៉ូ (Cilia Flores Maduro) មន្រ្តីជាន់ខ្ពស់វេណេស៊ុយអេឡាចំនួន ០៦រូបទៀត ដែលសុទ្ធជាមនុស្សជំនិតរបស់ប្រធានាធិបតីវេណេស៊ុយអេឡា រួមមានទាំងអនុប្រធានាធិបតីលោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) និងរដ្ឋមន្រ្តីការពារជាតិ លោក វ្លាឌីមៀ ផាទ្រីណូ (Vladimir Padrino) នោះក៏ត្រូវរងការទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ។
ទណ្ឌកម្មថ្មីនេះនឹងបង្ករាល់ទ្រព្យសម្បត្តិទាំងអស់ របស់បុគ្គលជាប់ឈ្មោះក្នុងបញ្ជីខ្មៅទាំងនេះមាន នៅក្រោមដែនសមត្ថកិច្ចរបស់អាមេរិក ហើយហាមរាល់ពលរដ្ឋឬក្រុមហ៊ុនអាមេរិក ធ្វើប្រតិបត្តិការអាជីវកម្មជាមួយបុគ្គលទាំងនេះឡើយ។
គួរជម្រាបថា សហរដ្ឋអាមេរិកបាននិងកំពុងបង្កើតវិធានការរបស់ខ្លួន ដើម្បីដាក់សម្ពាធទៅលើវេណេស៊ុយអេឡា តាមរយៈការបញ្ចេញទណ្ឌកម្មជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានការដាក់ទៅលើលោក Maduro ផ្ទាល់ផងដែរ។ ជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាសថា ខ្លួនមិនទទួលស្គាល់ទណ្ឌកម្មណាមួយ ដែលពុំមានការអនុញ្ញាតពីអង្គការសហប្រជាជាតិនោះទេ៕