(ដាម៉ាស់)៖ អនុរដ្ឋមន្រ្តីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដេដ (Faisal Mekdad) បានថ្លែងថា នៅពេលប្រព័ន្ធ​ការពារមីស៊ីលរបស់រុស្ស៉ី S-300 មកដល់អ៊ីស្រា​អែល នឹងត្រូវបង្ខំ​ចិត្តគិតគូរពិចារណាឲ្យបាន​ល្អិតល្អន់ឡើង​វិញ មុនពេល​សម្រេច​ចិត្តវាយប្រហារ​​មកលើប្រទេស​​ស៉ីរី​ ជា​ថ្មី​ម្តង​​ទៀត។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លើយតបទៅនឹង​សំណួររបស់ក្រុមអ្នក​សារព័ត៌មាន លោក Mekdad បានបញ្ជាក់ថា ប្រព័ន្ធការពារ​មីស៉ីល​ S-300 របស់ប្រទេសរុស្ស៉ី ដែលនឹងត្រូវបញ្ជូន​មកដល់ស៉ីរីនាពេលឆាប់ៗ​ខាងមុខនោះ នឹងត្រូវប្រើប្រាស់​តែសម្រាប់ក្នុងករណីដែល​ប្រទេសស៉ីរី ស្ថិតក្រោមការ​វាយប្រហារពី​សត្រូវប៉ុណ្ណោះ។

គួរជម្រាបថា បើតាមសេចក្តីប្រកាស​របស់ក្រសួងការពារជាតិរុស្ស៉ី ទីក្រុងម៉ូស្គូ កំពុងគ្រោងបញ្ជូន​ប្រព័ន្ធការពារមីស៉ីល​រយៈចម្ងាយ​ឆ្ងាយ​ S-300 មកកាន់ប្រទេសស៉ីរី ក្នុងរយៈពេល ០២សប្តាហ៍ខាងមុខនេះ ដើម្បីជួយបង្កើន​សមត្ថភាពការពារ​ដែនអាកាស​របស់កងកម្លាំងស៉ីរី និងរារាំងមិន​ឱ្យយន្ដហោះចម្បាំង​នានាចូលក្នុងដែនអាកាសស៉ីរី នៅក្នុងករណី​ចំាបាច់​ជាដើម។

ចំណែកការសម្រេចចិត្ត​របស់រុស្ស៉ីវិញ ត្រូវបានធ្វើឡើង​បន្ទាប់​ពី​មានការវាយប្រហារ​ដោយកងយន្តហោះចម្បាំង​អ៉ីស្រាអែល ទៅលើ​ទីតាំងយោធា​របស់ស៉ីរី នៅខេត្ត Latakia នៃប្រទេសស៉ីរី។ ក្រុមយន្តហោះ​ចម្បាំងអ៉ីស្រាអែលធុន F-16 ទាំងនោះ ត្រូវរុស្ស៊ីចោទ​​ថា ​គឺ​ជា​ហេតុផលបណ្តាលឲ្យ​យន្តហោះយោធាមួយគ្រឿង​របស់រុស្ស៉ី ត្រូវប្រព័ន្ធ​ការពារអាកាសស៉ីរីច្រឡំបាញ់ទម្លាក់ និងស្លាប់កងទ័ព ​១៥នាក់​​នៅ​លើ​​នោះ​៕