(អាមេរិក)៖ ប្រសិនបើជីវិតពិតជាមានវត្តមាន នៅក្រោមផ្ទៃរបស់ភពអង្គារ (Mars) កាលពីយូរណាស់មកហើយមែននោះ វាប្រហែលជាបានប្រើប្រាស់ប្រភពថាមពលគីមី ដ៏ច្រើនសន្ធឹកសន្ធាប់មួយ។ នេះបើតាមការលើកឡើងនៃការសិក្សាស្រាវជ្រាវថ្មីមួយ ដកស្រង់ខ្លឹមសារដោយវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ប្រភពថាមពលនោះគឺជា «អ៊ីដ្រូសែន» ដែលកកើតឡើងនៅពេលសារធាតុវិទ្យុសកម្ម មានប្រតិកម្មជាមួយទឹកនៅក្រោមដី ហើយនៅខាងក្រោមនោះប្រហែលជាមានអ៊ីដ្រូសែនគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ពពួកមីក្រូសារពាង្គកាយក្នុងចំនួនច្រើនគួរសមមួយ សម្រាប់រយៈពេលរាប់រយលានឆ្នាំ ដោយចាប់ផ្តើមកាលពីប្រមាណជា ០៤ពាន់លានឆ្នាំមុន។
គួរជម្រាបថា តាមរយៈការប្រើប្រាស់ទិន្នន័យនៃផ្កាយរណប Odyssey នៅភពអង្គារ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្តមានយ៉ាងក្រាស់ក្រែល នៃសារធាតុវិទ្យុសកម្មមួយចំនួន នៅក្នុងស្រទាប់របស់ភពក្រហមនេះ។ ដោយសារតែសារធាតុទាំងនេះ ពុកផុយនៅក្នុងកម្រិតដែលគេដឹង អ្នកវិទ្យាសាស្រ្តអាចធ្វើការពិសោធន៍ដើម្បីកំណត់ពីបរិមាណរបស់ពួកវា កាលពីអតីតកាលដ៏យូរលង់បាន។
ទន្ទឹមនឹងនេះ ការវិភាគក៏ធ្វើឡើងទៅលើកម្រាស់នៃស្រទាប់របស់ Mars រួមជាមួយគំរូបរិយាកាស និងកម្រិតកម្តៅនៅទីនោះផងដែរ ដើម្បីស្វែងរកចម្លើយថា តើបរិមាណទឹកច្រើនប៉ុន្មាន ដែលទំនងជាអាចត្រូវធ្វើប្រតិកម្មជាមួយសារធាតុវិទ្យុសកម្មទាំងនេះ កាលពីពេលដែល Mars នៅមានអាយុកាលក្មេងខ្ចី។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រដែលបានធ្វើការសិក្សាស្រាវជ្រាវភពអង្គារ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបានអះអាងថា ភពនេះកាលពីរាប់ពាន់លានឆ្នាំមុនគឺធ្លាប់មានទឹកហូរពាសពេញផ្ទៃរបស់វា ហើយនិងបរិយាកាសយ៉ាងក្រាស់ មិនខុសពីផែនដីនោះឡើយ។ ភស្តុតាងនេះពិតជាបញ្ជាក់ថា ជីវិតក្នុងទម្រង់ណាមួយ ឬពពួកមីក្រូសារពាង្គកាយ ក៏អាចធ្លាប់មានវត្តមានផងដែរ៕