(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បានដំឡើងសសៃកដាក់គ្នា យ៉ាងខ្លាំងនាឱកាសថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយលោកត្រាំ បានចោទប្រកាន់ត្រង់ៗថាមេដឹកនាំអ៉ីរ៉ង់គឺជាមេបង្កចលាចល ការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងសុន្ទរកថារយៈពេលជាង៣៥នាទី លោក ដូណាល់ ត្រាំ ក៏បានការពារផងដែរការសម្រេចចិត្តរបស់លោកក្នុងការដក
សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយថារដ្ឋបាលបច្ចុប្បន្នរបស់លោកសម្រេចបាននូវលទ្ធផលមិន ធ្លាប់មានជាច្រើននៅក្នុងប្រវត្តិសាស្ត្រអាមេរិក បើធៀបនឹងរដ្ឋបាលអាមេរិកមុនៗ។ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖« មេដឹកនាំអ៊ីរ៉ង់គឺជាមេបង្កចលាចល ការស្លាប់ និងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយពួកគេមិនដែលគោរពអ្នកជិត ខាង ព្រំដែន ឬក៏ដែនអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ»។

ក៏ប៉ុន្តែជាការឆ្លើយតប គ្រាន់តែឡើងលើវេទិការភ្លាមក្រោយលោក ដូណាល់ ត្រាំ បញ្ចប់ការថ្លែងសាររបស់លោក លោក រូហានី បានចាប់ក្បាលម៉េក្រូរិះគន់យ៉ាងខ្លាំងចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ហើយមិន តែប៉ុណ្ណោះលោកក៏អះអាងដែរថាមិនចង់បានសូម្បីតែឱកាសថតរូបជាមួយ លោក ដូណាល់ ត្រាំ ព្រមទាំងបញ្ជាក់ច្បាស់ៗថាអ៉ីរ៉ង់ នឹងមិនអង្គុយចរចាជាមួយសហរដ្ឋអាមេរិក ជាដាច់ខាតបើសិនរដ្ឋបាលលោកត្រាំ នៅតែប្រកាន់គោលនយោបាយដូចសព្វថ្ងៃ។

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ បច្ចុប្បន្នកូរ៉េខាងជើងមិនមែនជាការគំរាមកំហែងដ៏ធំសម្រាប់សហរដ្ឋអាមេរិកទៀតនោះទេ ប៉ុន្តែគឺអ៊ីរ៉ង់ទៅវិញទេដែលជាការគំរាមហែងធ្ងន់ធ្ងរចំពោះទីក្រុងវ៉ាស៊ីនតោន៕