(ញូយ៉ក)៖ មន្ត្រីជាន់ខ្ពស់កំពូលអ៉ីរ៉ង់ម្នាក់ នៅថ្ងៃអង្គារនេះ បាននិយាយថាប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី គ្មានបំណង ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសដែលអ្នកទំាងពីរចូលរួមក្នុងកិច្ចប្រជុំកំពូលមហាសន្និបាតអង្គការ សហប្រជាជាតិនៅក្នុងសប្ដាហ៍នេះនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
លោក Ali Akbar Velayati ជាអ្នកនាំពាក្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei បានឱ្យដឹងបែបនេះ ក្រោយលោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញពីបំណងចង់ជួបចរចាជាមួយលោក រូហានី ដោយគ្មានលក្ខខណ្ឌទុកជាមុនដើម្បីពិភាក្សាគ្នាពីការស្វែង រកកិច្ចព្រមព្រៀងថ្មីមួយស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែកក្កដា កន្លងទៅ។ លោក Velayati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង ស្រុកយ៉ាងខ្លីដូច្នេះថា៖ «ក្ដីស្រម៉ៃរបស់លោក ដូណាល់ ត្រាំ ដែលចង់ជួបជាមួយលោក រូហានី នឹងមិនអាចក្លាយជាការពិតឡើយ»។
សូមជម្រាបថា បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កំពុងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើង តែកាន់ខ្លាំងបន្ទាប់ពីអ៉ីរ៉ង់ចោទសហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធី ព្យុហយាត្រាយោធាមួយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕