(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការបរទេសអាមេរិកបានយល់ព្រមអនុម័តហើយលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខាយោធាដទៃទៀត មានតម្លៃ ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដង ពីសំណាក់ទីក្រុងប៉េកាំងក៏ដោយ៕
២៖ សហស្ថាបនិកក្រុមហ៊ុន Instagram ដែលជាចំណុះរបស់ Facebook គឺលោក ខេវិន ស៊ីស្ត្រូម (Kevin Systrom) និងលោក ម៉ៃក៍ គ្រីហ្គឺ (Mike Krieger) បានសម្រេចចិត្តលាលែងពីតំណែង ហើយអ្នកទាំងពីរនឹងត្រូវចាកចេញពីក្រុមហ៊ុន Instagram ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕
៣៖ កិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានដំណើរការទៅយ៉ាងលំបាកលំបិន ដោយសារតែសហរដ្ឋអាមេរិកកំពុងយកកាំភ្លើងមកភ្ជង់ក្បាលរបស់ចិន៕
៤៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បាននិយាយថា ជនពុករលួយទាំងអស់ត្រូវតែ ទទួលការកាត់ទោស ប៉ុន្តែទន្ទឹមគ្នាលោកមិនរំពឹងឡើយថា ម៉ាឡេស៊ីអាចនឹងមានច្បាប់ដាក់ពន្ធនាគារអស់មួយជីវិតឬកាត់ទោស ប្រហារជីវិតលើមេដឹកនាំពុករលួយនោះឡើយ៕
៥៖ តំណាងពាណិជ្ជកម្មចិនអន្តរជាតិ និងជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក ហ្វ៊ូ ហ្ស៊ីយីង (Fu Ziying) បានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជម្នះរាល់ឧបសគ្គ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ច ដ៏រឹងមាំបច្ចុប្បន្នរវាងប្រទេសទាំងពីរ៕
៦៖ បម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ក្តៅគគុកមួយនៅលើពិភពលោក ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា កំពុងតែបង្កការបំផ្លិចបំផ្លាញ វាលរុក្ខជាតិស្លែដ៏ចំណាស់នៅតំបន់ទឹកកកអង់តាកទិច៕