(ប៉េកាំង)៖ ប្រទេសចិនកំពុងគ្រោងនឹងជាន់ ក៏ដូចជាធ្វើការរុករកនៅលើតំបន់ប៉ូលខាងត្បូង និងខាងជើង របស់ព្រះច័ន្ទឲ្យបាននៅត្រឹមឆ្នាំ២០៣០។ នេះបើតាមទីភ្នាក់ងារអវកាសចិន CNSA ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
បច្ចុប្បន្នចិនកំពុងរៀបចំគម្រោងបេសកកម្មចំនួន ៤ សម្រាប់ដំណាក់កាលទី០៤ នៃបេសកកម្មរុករករបស់ខ្លួននៅលើឋានព្រះច័ន្ទ។ កម្មវិធីរុករកឋានព្រះច័ន្ទ ដែលយកឈ្មោះតាមទេពធិតានៃឋានព្រះច័ន្ទ ឆាងអី (Chang'e) ក្នុងទេវកថាចិននោះ បានចាប់ផ្តើមកាលពីឆ្នាំ២០០៣ និងបីដំណាក់កាលដំបូងនៃកម្មវិធីអវកាសនេះ រួមមានការធ្វើគោចរ និងចុះចតនៅលើឋានព្រះច័ន្ទ ព្រមទាំងការនាំយកគំរូតាងត្រឡប់មកផែនដីវិញ។
ចំណែកដំណាក់កាលទី ៤ នឹងរួមមានការបញ្ជូនយាន Chang'e-4 ទៅកាន់តំបន់ Far Side of the Moon នៅចុងឆ្នាំ២០១៨នេះ ដែលគេរំពឹងថា វានឹងក្លាយជាយានដំបូងបំផុតលើលោក ដែលទៅចុះនៅតំបន់មួយចំហៀងទៀតរបស់ព្រះច័ន្ទ ហើយក៏ជាការបង្ហាញពីអំណាច នៃការរុករកទីអវកាសរបស់ប្រទេសចិន ដែលសហរដ្ឋអាមេរិកកំពុងសំឡឹងមើលមិនដាក់ភ្នែក។
ទន្ទឹមនឹងនេះផ្កាយរណបមួយគ្រឿងឈ្មោះ Queqiao ដែលនឹងទាក់ទងជាមួយយាន Chang'e-4 បានទៅចម្ងាយ ៦៥,០០០គីឡូម៉ែត្រ ពីព្រះច័ន្ទកាលពីខែមិថុនាកន្លងទៅ។រីឯបេសកកម្ម ០៣ទៀត រួមមានការនាំយកគំរូតាងលើឋានព្រះច័ន្ទមកផែនដីវិញ ជាលើកទីពីរ រួមជាមួយការទៅចុះលើតំបន់ប៉ូលខាងត្បូង និងខាងជើងនៃទីនោះ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីព្រះច័ន្ទ។
គួរជម្រាបថា ការុករកនៅតំបន់ប៉ូលខាងត្បូងព្រះច័ន្ទ មានគោលដៅសិក្សាអាយុកាលនៃដីរបស់ព្រះច័ន្ទ ព្រមទាំងសមាសធាតុនៅក្នុងព្យុះព្រះអាទិត្យ Solar Wind ខណៈការរុករកនៅប៉ូលខាងជើង មានគោលដៅស្វែងរកចម្លើយថា តើទឹកកកមានវត្តមាននៅតំបន់ដែលងងឹតសូន្យសុងរហូតនេះដែរ ឬយ៉ាងណា។
ដោយឡែកបន្ទាប់ពីបេសកកម្មទាំងអស់នោះ ចិនក៏កំពុងសាងសង់ស្ថានីយស្រាវជ្រាវវិទ្យាសាស្រ្តនៅលើឋានព្រះច័ន្ទ និងរៀបចំគម្រោងរុករកដោយរ៉ូបូតក៏ដូចជាដោយមនុស្សបន្ថែមទៀតសម្រាប់អនាគតផងដែរ បន្ថែមពីលើគំរោងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ដែលចាប់ផ្តើមឡើងនៅដើមទសវត្សរ៍២០២០៕