(ប៉េកាំង)៖ តំណាងពាណិជ្ជកម្មចិនអន្តរជាតិ និងជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក ហ្វ៊ូ ហ្ស៊ីយីង (Fu Ziying) បានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជម្នះរាល់ឧបសគ្គ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ច ដ៏រឹងមាំបច្ចុប្បន្នរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
លោក Fu Ziying ធ្វើកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំណួរថា ចិនអាចគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយការដាក់ ទណ្ឌកម្ម និងសង្រ្គាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តាមរយៈអង្គការកិច្ចសហប្រតិបតិ្តការសៀងហៃ (SCO) និងធនាគារ BRICS. ដែរ ឬទេ? លោក Fu បានលើកឡើងដូច្នេះថា «សេដ្ឋកិច្ចរុស្ស៊ី និងចិន មានភាពរីកចំរើនដល់កម្រិតខ្ពស់មួយនាពេល
បច្ចុប្បន្ន ហើយតាមរយៈការរីកចំរើននេះខ្ញុំគិតថា យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជម្នះរាល់ឧបសគ្គ និងទប់ស្កាត់ផលប៉ះពាល់ អវិជ្ជមានដែលបង្កឡើងដោយការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានស្គាល់ភាពតានតឹងចាប់តាំងពីខែមីនាមកម្ល៉េះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីគំរោងដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមពីបរទេស។ លើសពីនេះទៅទៀត ភាពតានតឹងនេះផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងអង្គភាពអភិវឌ្ឍបរិក្ខាយោធាចិន និងនាយកនៃអង្គភាពយោធានេះ គឺលោក Li Shangfu សម្រាប់ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 និងយន្ដហោះចម្បាំងពីរុស្ស៊ី ស្របពេលដែលការដំឡើងពន្ធ ២០០ពាន់លានដុល្លារ លើផលិតផលចិន ទើបតែចូលជាធរមានកាលពីថ្ងៃចន្ទ៕