មិនមែនខ្សែភាពយន្តទេ! យុវជនឥណ្ឌូណេស៊ីវ័យ១៨ឆ្នាំ អណ្តែតលើផ្ទៃសមុទ្រអស់៤៩ថ្ងៃ តែមិនស្លាប់ (Video inside)
25-09-2018 15:35
(ហ្សាការតា)៖ យុវជនជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលមានវ័យ ១៨ឆ្នាំ បានឆ្លងកាត់បទពិសោធន៍មិនអាចបំភ្លេចបានមួយ នៅក្នុងឆាកជីវិតរបស់ខ្លួនក្រោយពីបានរសាត់អណ្តែតនៅលើផ្ទះខ្ទមមួយ ក្នុងដែនសមុទ្រអស់រយៈពេល ៤៩ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
យុវជនឈ្មោះ អាលី ណូវែល អាឌីឡេង (Aldi Novel Adilang) បានស្ថិតនៅលើផ្ទះខ្ទមអណ្តែតទឹកមួយកន្លែង មានទីតាំងនៅចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី កាលពីពាក់កណ្តាលខែកក្កដា នៅពេលដែលកម្លាំងខ្យល់បក់បោកខ្លាំង បានធ្វើដាច់ខ្សែយុថ្កាខ្ទមនោះ ជាហេតុបណ្តាលឲ្យវាអណ្តែតតែលតោល ជាមួយយុវជនរូបនោះតែម្តង។ យុវជន Adilang បានរសាត់ទៅដល់ចម្ងាយរាប់ពាន់គីឡូម៉ែត្រក្បែរកោះហ្គាំ (Guam) ឯណោះ ជាទីដែលរូបគេទីបំផុតត្រូវបានជួយសង្រ្គោះ ដោយកប៉ាល់មួយគ្រឿងរបស់ប៉ាណាម៉ា។
គួរជម្រាបថា យុវជនវ័យ ១៨ឆ្នាំរូបនេះ មានទីកំណើតនៅកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី និងមានតួនាទីមើលថែទាំនៅលើខ្ទមអណ្តែតទឹកខាងលើ ដែលគេហៅថា «រុមពុង (Rompong)» ជាអន្ទាក់ចាប់ត្រីដែលពុំមានម៉ាស៊ីនឬក៏ច្រវាអុំឡើយ។ ការងាររបស់គេ គឺអុជបំភ្លឺចង្កៀងនៅលើខ្ទមនោះ ដែលបង្កើតឡើងសម្រាប់ទាក់ទាញសត្វត្រី។
ខ្ទមនោះបានអណ្តែតនៅកណ្តាលផ្ទៃសមុទ្រមែន ប៉ុន្តែមានប្រើយុថ្កាដែលទម្លាក់ទៅក្រោមបាតសមុទ្រ ដើម្បីឲ្យវានៅមួយកន្លែង។ ជារៀងរាល់សប្តាហ៍ យុវជន Aldilang តែងទទួលបានស្បៀងអាហារ ទឹក និងប្រេងថ្មីៗ ពីបុគ្គលិកនៃក្រុមហ៊ុនរបស់គេ ដែលធ្វើដំណើរទៅប្រមូលយកផលត្រី៕