(ប៉េកាំង)៖ ថ្ងៃទី ២៤ ខែកញ្ញាជាបុណ្យសែនព្រះខែប្រពៃណីរបស់ប្រទេសចិន ។ នៅថ្ងៃនេះប្រទេសចិនបានចេញផ្សាយសៀវភៅស ដែលមានចំណងជើងថា ការពិត និងគោលជំហររបស់ភាគីចិន ស្តីពីជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ដោយបានវិភាគធាតុពិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ បានបញ្ជាក់ច្បាស់អំពីការចោទប្រកាន់មិនពិតចំពោះភាគីចិន ក្នុងរបាយការណ៍ពិនិត្យអង្កេត ៣០១ របស់អាមេរិក និងអធិប្បាយអំពីគោលជំហរ និងគោលនយោបាយរបស់ប្រទេសចិន ចំពោះជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ។
សៀវភៅសនេះបានបង្ហាញពីព័ត៌មានចំនួន ៣ សំខាន់៖
ទី១៖ បានបង្ហាញយ៉ាងច្បាស់នូវការពិតនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក និងវិភាគពីការការពារនិយមខាងពាណិជ្ជកម្ម ព្រមទាំងឥរិយាបថអនុត្តរភាពនិយមរបស់អាមេរិក ក៍ដូចជាផលវិបាករបស់វា។
អាមេរិកបង្កជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន គឺមានលេសសំខាន់មួយថា ប្រទេសចិនចំណេញ ខណៈអាមេរិកបានទទួលរងការខាតបង់ នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក។ ដូច្នេះទាមទារឲ្យមានការធ្វើពាណិជ្ជកម្មយុត្តិធម៌ និងបើកទូលាយស្មើភាពដល់ពិភពលោក ។
សៀវភៅសបានប្រើទិន្នន័យជាច្រើនពីពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគជាដើមរវាងចិន និងអាមេរិក។ ទិន្នន័យទាំងនេះបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺជាទំនាក់ទំនងឈ្នះ-ឈ្នះ។ ព្រមជាមួយនេះ សៀវភៅសបានបញ្ជាក់យ៉ាងច្បាស់និង បដិសេធចំពោះការចោទប្រកាន់មិនពិតមួយចំនួន ក្នុងរបាយការណ៍ពិនិត្យអង្កេត ៣០១ របស់ភាគីអាមេរិកស្តីពី អតុល្យភាពពាណិជ្ជកម្មទ្វេភាគី ការធ្វើពាណិជ្ជកម្មអយុត្តិធម៌ និងការលួចកម្មសិទ្ធិបញ្ញាជាដើម ។
ទី២៖ សៀវភៅសអធិប្បាយយ៉ាងច្បាស់លាស់នូវគោលជំហររបស់ចិនលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក និងគោលគំនិតអំពីទំនាក់ទំនងអន្តរជាតិផងដែរ។
ចាប់តាំងពីសហរដ្ឋអាមេរិក បានបង្កឱ្យមានជម្លោះពាណិជ្ជកម្ម ប្រឆាំងនឹងប្រទេសចិនអស់រយៈពេលកន្លះឆ្នាំមកនេះ គោលជំហររបស់ចិនគឺច្បាស់លាស់ ជាប់រហូត និងម៉ឺងម៉ាត់។
សៀវភៅសនេះបានរៀបរាប់ដោយគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាប្រព័ន្ធលើផ្នែកទាំង ៨ ដូចជាការថែរក្សានូវសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ការជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំ នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ការថែរក្សា និងការជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យមានមានកំណែទម្រង់ និងការកែលម្អនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការការពារយ៉ាងម៉ឺងម៉ាត់នូវកម្មសិទ្ធិ និងកម្មសិទ្ធិបញ្ញា ការការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ពាណិជ្ជករបរទេសនៅក្នុងប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងបើកទូលាយ និងជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ហើយជំរុញយ៉ាងម៉ឺងម៉ាត់នូវការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិជាដើម។
យើងអាចឃើញថា គោលនយោបាយរបស់ចិននៅក្នុងផ្នែកទាំង ៨ ខាងលើ មិនត្រឹមតែផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងគិតគូរដល់ការអភិវឌ្ឍនៃទំនាក់ទំនងអន្តរជាតិយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងសីលធម៌របស់ប្រទេសចិន។
ទីបី៖ លើកឡើងនូវវិធីសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកដោយសមហេតុសមផល។ សៀវភៅសនេះបញ្ជាក់ថា ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធសេដ្ឋកិច្ចរវាងប្រទេសទាំងពីរចិន និងអាមេរិកខុសគ្នា វាមានជម្លោះខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មជារឿងធម្មតា គន្លឹះសំខាន់គឺតើបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នាយ៉ាងម៉េច?
សៀវភៅសបានចង្អុលបង្ហាញថា ជម្លោះសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន និងអាមេរិកទាក់ទិននឹងស្ថិរភាព និងភាពរុងរឿងថ្កុំថ្កើងនៃសេដ្ឋកិច្ចសកល ក៏ទាក់ទិននឹងសន្តិភាព និងការអភិវឌ្ឍពិភពលោកផងដែរ គួរតែត្រូវបានដោះស្រាយដោយសមរម្យ។ ប្រទេសចិនមានឆន្ទៈយ៉ាងមុតមាំ ក្នុងការរួមសហការជាមួយអាមេរិក ដើម្បីបង្កើតនូវសណ្តាប់ធ្នាប់ថ្មី នៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកដែលមានតុល្យភាព បរិយាប័ន្ននិងឈ្នះ-ឈ្នះ។
ព្រមពេលជាមួយគ្នានេះ សៀវភៅសក៏សង្កត់ធ្ងន់ថា ទ្វារសម្រាប់ធ្វើកិច្ចចរចា គឺតែងតែបើកចំហសម្រាប់សហរដ្ឋអាមេរិក។ ប៉ុន្តែការចរចាត្រូវមានមូលដ្ឋាន លើការគោរពគ្នាទៅវិញទៅមក និងសមភាព។ វាមិនអាចស្ថិតនៅក្រោមការគំរាមកំហែង នៃការដំឡើងយកពន្ធគយ មិនអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអភិវឌ្ឍន៍ របស់ប្រទេសចិននោះទេ។ គោលការណ៍ទាំងនេះបានចង្អុលបង្ហាញនូវផ្លូវត្រឹមត្រូវ សម្រាប់ការដោះស្រាយជម្លោះពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន និងអាមេរិក៕