(អាមេរិក)៖ ផែនដីត្រូវបានអ្នកវិទ្យាសាស្រ្តដឹង តាំងតែពីយូរណាស់មកហើយថា បាននិងកំពុងធ្វើចលនាមិនស្មើនោះឡើយ នៅក្នុងចលនាវង្វិលខ្ចាល់ (វិលជុំវិញខ្លួនឯង) ហើយនាពេលនេះមូលហេតុថា បណ្តាលមកពីអ្វីនោះត្រូវបានរកឃើញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
មូលហេតុមួយចំនួននៃបាតុភូតខាងលើ គឺមានជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់មនុស្សយ៉ាងពិតប្រាកដ។ គិតចាប់តាំងពីឆ្នាំ១៨៩៩ អ័ក្សនៃរង្វិលជុំរបស់ផែនដីបានប្រែប្រួលក្នុងប្រវែងប្រហែល ១០.៥ម៉ែត្រ ហើយនាពេលនេះអ្នកវិទ្យាសាស្រ្ត បានរកឃើញថា មួយផ្នែកគឺដោយសារតែការរលាយនៃផ្ទាំងទឹកនៅតំបន់ប៉ូល បូកជាមួយការកើនលើកកម្ពស់នីវ៉ូទឹកសមុទ្រ ជាពិសេសនៅតំបន់កោះ Greenland (កោះទឹកកកធំជាងគេលើផែនដី ដែលកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក និងស្ថិតនៅជាប់តំបន់ភាគឦសានប្រទេសកាណាដា) របស់តែម្តង។
មួយទៀតគឺដោយសារតែការកើនឡើងទម្ងន់ដីទៅភាគខាងជើង ខណៈដែលផ្ទាំងទឹកកធំៗប្រមូលផ្តុំខ្លួនវាវិញ នៅពេលមានការលាយ។ ចុងក្រោយគឺទាក់ទងជាមួយស្រទាប់ Mantle ដែលជាស្រទាប់កណ្តាលរបស់ផែនដី ដែលមានចលនាប្រែប្រួល ធ្វើឲ្យប៉ះពាល់ដល់លំនឹងនៃអ័ក្សរបស់ភពផែនដី ធ្វើឲ្យផែនដីយើងល្អៀងអ័ក្សទៅរកព្រះអាទិត្យរហូតដល់ទៅជាង ១០ម៉ែត្រ បន្ថែមទៀត។
គួរជម្រាបថា អ្នកវិទ្យាសាស្រ្តបានដឹងយូរមកហើយថា របាយនៃទម្ងន់នៅជុំវិញផែនដី ស្ថិតក្រោមការកំណត់នៃរង្វិលជុំរបស់វា ហើយរង្វិលជុំរបស់ផែនដី គឺពុំមានភាពស្មើគ្នាឥតខ្ចោះនោះឡើយ បើតាមអ្នកវិទ្យាសាស្រ្តដឹង ដោយសារតែការប្រែប្រួលនៅក្នុងចលនានៃផ្កាយនៅលើផ្ទៃមេឃ ដែលត្រូវបានកត់ត្រាទុក អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ។
ម៉្យាងវិញទៀតចាប់ពីទសវត្សរ៍ទី៩០មក ការវាស់វែងនៅលើទីអវកាស ក៏បានបញ្ជាក់ផងដែរថា អ័ក្សរង្វិលជុំរបស់ផែនដី បានប្រែប្រួលជារៀងរាល់ឆ្នាំ ដោយជាទូទៅគឺឆ្ពោះទៅតំបន់ ឈូងសមុទ្រហូដសុន (Hudson Bay) នៅភាគឦសានកាណាដា (ព័ទ្ធជុំវិញដោយតំបន់ថ្មចំណាស់បំផុត នៅលើភពផែនដី)៕