(វ៉ាស៊ីនតោន)៖ សហស្ថាបនិក​ក្រុមហ៊ុន Instagram ដែលជាចំណុះរបស់ Facebook គឺលោក ខេវិន ស៊ីស្ត្រូម (Kevin Systrom) និងលោក ម៉ៃក៍ គ្រីហ្គឺ (Mike Krieger) បាន​សម្រេចចិត្តលាលែង​ពីតំណែង ហើយអ្នកទាំងពីរ​នឹងត្រូវចាកចេញ​ពីក្រុមហ៊ុន Instagram ក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍ខាងមុខ​នេះ។ នេះបើ​តាម New York Times ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

សារព័ត៌មាន New York Times​ ចុះផ្សាយពីព័ត៌មាន​នេះដោយផ្អែក​លើប្រភព ដែល​ដឹងលឺពីការលាលែងតំណែងរបស់​ស្ថាបនិកទាំង​ពីរនាក់ ដែលខ្លួនទទួល​បាន។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ Facebook និង Instagram មិនទាន់ធ្វើ​អត្ថាធិប្បាយណាមួយ​នៅឡើយ​ទេ ហើយក៏មិនទាន់​មានការបញ្ជាក់ពីមូលហេតុ​ នៃការ​លាលែងតំណែង​នេះដែរ។​

គួរជម្រាបថា លោក Kevin Systrom គឺជានាយកប្រតិបត្តិ រីឯលោក Mike Krieger គឺជានាយកបច្ចេកទេស​របស់ក្រុមហ៊ុន Instagram ដែលគ្រប់គ្នា​បានដឹងថា ជាចំណុះរបស់​បណ្តាញ​សង្គមយក្ស​លេខ ១ លើលោកគឺ Facebook គ្រប់គ្រងដោយ​ស្ថាបនិក​វ័យក្មេង​លោក ម៉ាក ហ្សាក់ខឺប៊ឺក៕