(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិក បានយល់ព្រម​អនុម័តហើយលើការលក់​យន្ដហោះចម្បាំង F-16 និងបរិក្ខាយោធា​ដទៃ ទៀតមានតម្លៃ ៣៣០លានដុល្លារ​ឱ្យកោះតៃវ៉ាន់ បើទោះជា​មានការព្រមានជា​ច្រើនដង ពីសំណាក់ទីក្រុងប៉េកាំង​ក៏ដោយ។ នេះបើតាមមន្ទីរ​បញ្ចកោណ​ដកស្រង់ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

មន្ទីរបញ្ចកោណបានបញ្ជាក់​នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយនៅ​ថ្ងៃចន្ទសប្ដាហ៍​នេះថា ការលក់អាវុធ​នេះនឹងអាច​ជួយ ដល់កោះតៃវ៉ាន់​ក្នុងការបង្កើនសមត្ថភាព​ការពារជាតិ និងសន្តិសុខ ដើម្បីប្រឈមមុខ​នឹងការ​គំរាមកំហែង​ផ្នែក​យោធានៅក្នុងតំបន់។ មួយវិញទៀត​បើតាមមន្ទីរបញ្ចកោណ​ ការលក់អាវុធ និងបរិកា្ខយោធា​មានតម្លៃ ៣៣០លានដុល្លារនេះ គឺមានជាប់​ពាក់ព័ន្ធនឹង​ការលក់​យន្ដហោះ​ចម្បាំង F-16 C-130, F-5 ព្រមទាំង​បរិក្ខាយោធា និងសេវាកម្ម​ដទៃទៀត។

គួសបញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង បានសម្ដែង​ការប្រឆាំងជំទាស់​ជារឿយៗ​ នឹងការគំរោងលក់របស់​សហរដ្ឋអាមេរិក ឱ្យកោះ​តៃវ៉ាន់​ដែលខ្លួនចាត់ទុកថា គ្រាន់តែខេត្ត​មួយរបស់ចិនតែ​ប៉ុណ្ណោះ។ លើសពីនេះទៅទៀត​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ក៏ធ្លាប់បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីខែមិថុនា​កន្លងទៅដែរថា ទីក្រុងប៉េកាំង​ប្ដេជ្ញាចិត្តជានិច្ច​ក្នុងការចូលរួមថែរក្សា​សន្តិភាព ប៉ុន្តែចិន​មិនបោះបង់ចោល​ទឹកដី​សូម្បីតែ​មួយ​មីលីម៉ែត្រ ដែលបុព្វបុរសចិនបន្សល់ទុកឱ្យ​នោះ​ទេ៕