(តេហេរ៉ង់)៖ បន្ទាប់ពីទទួលរងការវាយប្រហារយ៉ាងដំណំ ពីសំណាក់ក្រុមភេរវករទៅលើក្បួនព្យុហយាត្រាយោធាមួយ នៃភាគខាងលិចប្រទេសនោះ កងកម្លាំងពិសេសអ៊ីរ៉ង់បានធ្វើការស៊ើបអង្កេត និងចាប់បានជនសង្ស័យជាក្រុមភេរវករពាក់ព័ន្ធមួយចំនួនទៀត បន្ទាប់ពីការចាប់បានជនសង្ស័យពីរនាក់ភ្លាមៗក្រោយពេលហេតុការណ៍ដ៏រន្ធត់នោះផ្ទុះឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើនេះ លោក Mahmoud Alawi ជារដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់នៃប្រទេសអ៊ីរ៉ង់បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវរកយុត្តិធម៌ ដោយចាប់ខ្លួនភេរវករពាក់ព័ន្ធមិនឲ្យសល់ម្នាក់នោះឡើយ។ ជនសង្ស័យដែលពាក់ព័ន្ធក្នុងអំពើភេរវកម្មនេះ ត្រូវបានចាប់ និងឃុំខ្លួនមួយចំនួនរួចទៅហើយ ដោយកម្លាំងសន្តិសុខរបស់យើង...»។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានទទួលរងគ្រោះដោយអំពើភេរវកម្មមួយ ដោយក្រុមខ្មាន់កាំភ្លើងមានគ្នា ០៤នាក់ បានបង្កការបាញ់រះលើក្បួនព្យុហយាត្រាយោធា នៅក្នុងទីក្រុងអាវ៉ាស ភាគខាងលិចប្រទេស បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ និងជាង ៦០នាក់របួស ដែលភាគច្រើនជាមន្ត្រីយោធា ហើយក៏មានស្ត្រី និងកុមារនៅក្នុងនោះផងដែរ។ ភ្លាមៗក្រុមភេរវករមួយ ដែលអ៊ីរ៉ង់ចោទថា ជាក្រុមគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយអំពើភេរវកម្មនេះ៕