(លីបង់)៖ លីបង់នឹងមិនទទួលបានលុយជំនួយនិងកញ្ចីសរុបប្រមាណ១១ពាន់លានដុល្លារ ដូចដែលបារាំងបានសន្យានៅឯសន្និសីទ CEDRE ឡើយ ប្រសិនបើបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលឲ្យបាន នៅមុនដំណាច់ឆ្នាំនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំលីបង់ ត្រូវគេរាយការណ៍ថា បានទទូចឲ្យប្រធានសភាលីបង់ លោក Nabih Berri ស្វះស្វែងបង្កើតរដ្ឋាភិបាលឲ្យបានឆាប់ ព្រោះថាបើមិនដូច្នោះទេ ថវិកាជំនួយនិងឥណទានខាងលើ ដែលគ្រោងសម្រាប់ផ្តល់ឲ្យលីបង់ កាលពីអំឡុងសន្និសីទ CEDRE នោះ នឹងត្រូវបង្វែរទៅឲ្យប្រទេសដទៃទៀតវិញ។
គួរជម្រាបថា លីបង់ទទួលបានឱកាសនៃការផ្តល់ជំនួញហិរញ្ញប្បទាននិងកញ្ចីពីអន្តរជាតិ នៅឯសន្នីសីទអន្តរជាតិ CEDRE ដែលរៀបចំឡើងក្រោមគោលបំណងជួយដល់រដ្ឋាភិបាលលីបង់ និងការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីស្តារប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធចំណាស់ៗឲ្យប្រសើរឡើង និងជំរុញសន្ទុះសេដ្ឋកិច្ច។
ទាក់ទិននឹងរឿងនេះ នាពេលកន្លងមក ក្រុមសេដ្ឋវិទូអន្តរជាតិ បានសង្កត់ធ្ងន់ថា លីបង់ត្រូវតែបង្កើនល្បឿននៃការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីចាប់ផ្តើមកំណែទម្រង់ចាំបាច់ផ្សេងៗ ហើយអាចទទួលជំនួយនានា ដែលបានសន្យាក្នុងសន្និសីទ CEDRE។ យ៉ាងណាមិញ លោក Saad Hariri ដែលជានាយករដ្ឋមន្រ្តីលីបង់ បាននិងកំពុងប្រឈមមុខជាមួយឧបសគ្គជាច្រើន ក្នុងការប៉ុនប៉ងបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ដែលរួមមាននូវគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដោយសារតែការខ្វែងគំនិតគ្នារវាងក្រុមអ្នកនយោបាយ៕