(អាមេរិក)៖ យានតូចចំនួនពីរគ្រឿងរបស់ទីភ្នាក់ងារអវកាសជប៉ុន បានធ្វើការចុះចតដោយជោគជ័យ នៅលើអាចម៍ផ្កាយ រីយូគុ (Ryugu) ហើយពួកវាក៏បានផ្ញើរូបភាពអស្ចារ្យៗមួយចំនួនមកវិញផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
យានរុករកខាងលើ គឺជាផ្នែកនៃបេសកកម្ម ហាយ៉ាប៊ូសា-២ (Hayabusa-2) ដែលមានគោលដៅប្រមូលគំរូតាង ពីអាចម៍ផ្កាយរបស់ទីភ្នាក់ងារអវកាសជប៉ុន JAXA។ ពួកវាត្រូវបានយាន Hayabusa-2 បញ្ជូនឲ្យចុះទៅកាន់អាចម៍ផ្កាយ Ryugu កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែ JAXA ត្រូវចំណាយពេលរង់ចាំប៉ុន្មានថ្ងៃ ទើបដឹងថា ប្រតិបត្តិការនេះទទួលបានជោគជ័យ ហើយយានទាំងពីរបានចុះដល់ទីនោះដោយសុវត្ថិភាព។
យានទាំងពីរគ្រឿងនោះមានឈ្មោះថា មីណែវ៉ា 1-A (MINERVA-II1a) និង មីណែវ៉ា 2-b (MINERVA-II2b) ដែលត្រូវបានរចនាឡើង ដើម្បីផ្លាស់ទីដោយការលោតផ្លោះ នៅលើផ្ទៃរបស់អាចម៍ផ្កាយ Ryugu និងមាននាទីប្រមូលយកទិន្នន័យ ក៏ដូចជាផ្តិតយករូបភាពនានានៅទីនោះ។ រូបភាពខ្លះក្នុងចំណោមរូបភាពដំបូងដែលពួកវាបានបញ្ជូនមកផែនដីវិញ គឺមានសភាពព្រិលជាខ្លាំង ដោយសារតែការចាប់រូបភាពនោះ ធ្វើឡើងនៅពេលយានកំពុងតែលោតផ្លាស់ទី។
គួរជម្រាបថា ដើម្បីបញ្ជូនយាន MINERVA-II1a និង MINERVA-II1b យានអវកាស Hayabusa-2 បានទម្លាក់ខ្លួនវាដោយសន្សឹមៗ ចុះទៅក្បែរផ្ទៃរបស់ Ryugu រហូតដល់ត្រឹមកម្ពស់ ៥៥ម៉ែត្រ ហើយក្រោយពេលទម្លាក់យានទាំងពីរគ្រឿង យានអវកាសមេនេះ បានរកិលឡើងទៅលើកម្ពស់ ២០គីឡូម៉ែត្រ ពីផ្ទៃអាចម៍ផ្កាយវិញដើម្បីបង្ការការប៉ះទង្គិច ដោយចៃដន្យណាមួយជាមួយ Ryugu។
បេសកកម្ម មិនទាន់ចប់ត្រឹមនេះឡើយ ដោយយាន Hayabusa-2 នៅមានការបញ្ជូនយានចំនួនពីរលើកទៀត។ នៅខែតុលាខាងមុខ យានរុករកដែលមានទំហំធំជាងយានពីរគ្រឿងខាងលើឈ្មោះ MASCOT នឹងត្រូវបានបញ្ជូនចុះទៅកាន់អាចម៍ផ្កាយ Ryugu ខណៈនៅឆ្នាំក្រោយគឺដល់វេនយាន MINERVA-II2 ដែលជាប្រភេទដូចទៅនឹងយានទាំងពីរខាងលើដែរ។ រីឯបេសកកម្មស្នូលចុងក្រោយនោះ គឺ Hayabusa-2 នឹងត្រូវចុះទៅប្រមូលយកគំរូតាងពី Ryugu ដោយផ្ទាល់ ហើយបញ្ចូនត្រឡប់មកផែនដីវិញ ដើម្បីធ្វើការសិក្សា។
គួរបញ្ជាក់ថា អាចម៍ផ្កាយ Ryugu មានបណ្តោយប្រវែងជាង ៨០០ម៉ែត្រ និងមុខកាត់ទទឹង ៤០០ម៉ែត្រ ដែលផ្ទុកទៅដោយរ៉ែមានតម្លៃជាច្រើនប្រភេទ។ វាជាអាចម៍ផ្កាយដែលមានគន្លងគោចរនៅកៀកផែនដីយើង គឺស្ថិតនៅចន្លោះភពអង្គារ និងភពផែនដីតែម្តង ហើយនៅខែមេសា ឆ្នាំ២០២៩ ខាងមុខនេះ វានឹងគោចរមកកៀកផែនដីបំផុត ក្នុងគម្លាតតែជាង ៣០,០០០គីឡូម៉ែត្រប៉ុណ្ណោះ ដែលប្រការនេះកំពុងបង្កក្តីព្រួយបារម្ភជាខ្លាំង សម្រាប់មនុស្សលើផែនដី៕