(ភ្នំពេញ)៖ លោក ឆាយ វីរៈយុទ្ធ បានចេញដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងនោះគេសង្កេតឃើញមហាជនហាក់មានការសាទរផងដែរ នៅពេលបានឃើញវត្តមានអ្នកសារព័ត៌មានជាច្រើននាក់ កំពុងឈរចាំ នៅច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមហាជនភាគច្រើនបានលើកឡើងជាសំណួរថា តើសារព័ត៌មានចាំថតអ្នកណាគេ? មួយសន្ទុះមក ស្រាប់តែឃើញវត្តមានរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងបានឈប់ ហើយអ្នកសារព័ត៌មានបាននាំគ្នាផ្តិតយករូបភាពយ៉ាងច្រើន។

ខណៈនោះទស្សនិកជនមានការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅពេលពួកគេបានឃើញវត្តមានកំពូលតារាចម្រៀងប្រចាំកម្ពុជា លោក ឆាយ វីរៈយុទ្ធ ហើយអ្នកគាំទ្រជាច្រើនបានចោមរោមសុំថតរូប បង្កការអ៊ូអរមួយសន្ទុះធំ។

នៅមុនពេលដើរចូលទៅកន្លែងពិនិត្យឥវ៉ាន់របស់អ្នកដំណើរ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា លោកបានទទួលការអញ្ជើញទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ ហើយការសម្តែងត្រូវចាប់ផ្តើមនៅម៉ោង២រសៀល ថ្ងៃទី២៤ ខែកញ្ញាតទៅ ហើយលោកត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ នាថ្ងៃទី២៦ ខែកញ្ញា ខណៈលោកទើបចេញបទថ្មីមួយបទ មានចំណងជើងថា «ពេលអូនឃ្លាតឆ្ងាយ»។

កំពូលតារាចម្រៀង ដែលស្ថិតក្នុងចិត្តទស្សនិកជនគ្រប់គ្នារូបនេះ បានបន្ថែមថា ការសម្តែងរបស់លោកនៅប្រទេសកូរ៉េនេះ ជាចំណែកមួយនៃការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីស្វែងរកមូលនិធិមកជួយប្រជាពលរដ្ឋនៅស្រុកខ្មែរ។

ជាមួយគ្នានោះ លោកបានបង្ហាញសុទិដ្ឋិនិយមថា នឹងមានវត្តមានទស្សនិកជនខ្មែរនៅកូរ៉េ និងប្រជាពលរដ្ឋកូរ៉េច្រើនកុះករ ចូលរួមទស្សនាការសម្តែងនៅខេត្តអានសាន់ នៃសាធារណរដ្ឋកូរ៉េ៕