(ភ្នំពេញ)៖ បើនិយាយពីរឿងរ៉ាវស្នេហា របស់កម្លោះសង្ហា​ ជាតួឯកប្រុសក្នុងរឿង «ផ្កាថ្ម» ទស្សនិកជនមិនតិចនោះទេ ដែរចង់ដឹង ព្រោះមាននូវពាក្យចចាមអារ៉ាមជាច្រើន ថាលោកមានទំនាក់ទំនងស្នេហ៍ ជាមួយតារាស្រី ឌុច លីដា។ តែយ៉ាងណា ចំពោះដំណឹងនេះ ត្រូវបានលោកបដិសេធដោយប្រកាន់ថា គ្រាន់តែជាដៃគូសិល្បៈជាមួយគ្នាតែប៉ុណ្ណោះ។ សម្រាប់រឿងស្នេហាវិញ លោកបានបញ្ជាក់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា លោកមិនទាន់គិតគូនោះទេ ព្រោះមិនអាចមានពេលវេលាផ្តល់ក្តីសុខឲ្យគេ ដោយសាររវល់នឹងសិល្បៈពេក តែលោកបានកំណត់រួចហើយ​ថា ឈានដល់វ័យ៣៥ នឹងយកប្រពន្ធតែម្ដង។

ជាការពិត លោក ណាខុន ដែលមានឈ្មោះក្នុងរឿង «ផ្កាថ្ម» ថាលោក បុត្រ កាលពីសប្តាហ៍មុនលោក​បានរៀបរាប់ជាច្រើន តាមរយៈការសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នូវការតស៊ូក្នុងជីវិត រួមផ្សំជាមួយនឹងរឿងរ៉ាវស្នេហាផងដែរ។

ពាក់ព័ន្ធ​នឹងការងារសិល្បៈ គឺជារឿងមួយមិនងាយស្រួលនោះទេ ទំរាំតែមានតារាប្រុសរូបនេះ មានឈ្មោះល្បី ត្រូវបានទស្សិកជនស្គាល់ច្រើន មកទល់នឹងសព្វថ្ងៃ ក្នុងនោះលោកនិយាយថា  លោកបានចូលសិល្បៈ តាមរយៈការចូលរួមប្រឡងក្នុងកម្មវិធី «Boy Ben» ក្នុងឆ្នាំ២០០៧ ហើយនេះជាលើកទី១ ក្នុងការឈានជើងចូលសិល្បៈ និងជាលើកទីមួយបរាជ័យក្នុងសិល្បៈ សម្រាប់លោក ដោយសារមិនទទួលបាននូវជយលាភីនោះទេ ក្នុងកម្មវិធីប្រឡង​។

លោក ណាខុន និយាយថា «សម្រាប់ការបរាជ័យសិល្បៈលើកទី១នេះ បានជំរុញចិត្តខ្ញុំកាន់តែខ្លាំងឡើង និងតស៊ូពុះពារយ៉ាងខ្លាំង ក្នុងការជំនះចូលសិល្បៈ  បន្ទាប់មកចូលប្រឡងក្នុងកម្មវិធី យុវតារាសម័យថ្មី ទទួលបានចំណាត់ថ្នាក់លេខ ០៣។ នេះជាផ្លូវមួយ ដែលចំលងខ្ញុំឲ្យបានសម្តែងភាពយន្ត ពេលនោះដោយចិត្តស្រឡាញ់តួអង្គ យ៉ាងម៉េចក៏ខ្ញុំថតដែរ។ រឿង ដែលខ្ញុំសម្តែងដំបូង គឺមានចំណងជើងថា (ត្រៀមចិត្តសម្រាប់ឈឺ)»

លោក បុត្រ ក្នុងរឿង «ផ្កាថ្ម» បានបន្ថែមថា ​មកទល់ឆ្នាំ២០១៣ លោកបានសម្រេចចិត្តឈប់ពីសិល្បៈ ដោយសារអស់កម្លាំងចិត្ត នឹងការងារសិល្បៈ ព្រោះអ្វីដែលលោកការខិតខំប្រឹងប្រែង មិនទទួលបានលទ្ធផលល្អ បានត្រឹមតែមួយឆាវតែប៉ុណ្ណោះ ដោយពេលនោះលោកបានត្រឡប់ ទៅដើរច្រៀងតាមរោងការ និងកន្លែងពិធីផ្សេង។ មិនយូរប៉ុន្មាន ដោយមានសំណាងល្អ និងមានឱកាលល្អ លោក ខាំ ភូរិ ហៅលោកមកថតរឿង និងថតស្ពត ព្រោះឃើញរូបលោកបង្ហោះក្នុងបណ្តាញសង្គម អ្នកដឹកនាំរូបនេះមានការចាប់អារម្មណ៍ ទើបធ្វើឲ្យលោក មានមុខមកទល់នឹងសព្វថ្ងៃតែម្តង។

យ៉ាងណាមិញ ងាកមករឿងស្នេហាវិញ ទស្សនិកជនសង្កេតឃើញថា តារាប្រុសរូបនេះ កំពុងតែត្រូវបានអ្នកគាំទ្រសង្ស័យថា មានទំនាក់ទំនងស្នេហ៍ជាមួយ កញ្ញា ឌុច លីដា ព្រោះជារឿយៗគេតែងតែឃើញលោក បង្ហោះរូបដើរលេង ស្និទ្ធស្នាលជាមួយនាង។ ​លោក ណាខុន បានប្រាប់ដ៏ខ្លីយ៉ាងដូច្នេះថា «ខ្ញុំនឹងកញ្ញា ឌុច លីដា មិនមានអ្វីក្រៅពីអ្នករួមសិល្បៈនោះទេ ខ្ញុំជាដៃគូសិល្បៈជាមួយគ្នា ព្រោះសម្តែងចូលគ្នាល្អ។ តែបើឲ្យខ្ញុំមានស្នេហាវិញ គឺមិនទាន់ទេ ព្រោះការងារសិល្បៈកំពុងតែរវល់ បើយកទៅខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឲ្យគេ។ តែយ៉ាងណាខ្ញុំបានកំណត់គោលដៅរួចហើយ ថាដល់វ័យ៣៥ នឹងយកគ្រួសារ ខណៈបច្ចុប្បន្នទើបតែ ៣០ឆ្នាំទេ នៅសល់ ៥ឆ្នាំទៀត ដើម្បរកលុយសន្សំទុកឲ្យច្រើនសិន»