(ភ្នំពេញ)៖ គុនខ្មែរកីឡាករ កែវ រំចង់ បានឈ្នះកីឡាករថៃ យ៉ូ ឃីដាំ ជាការប្រកួតក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម ខណៈមិត្តរួមជាតិ កីឡាករ អ៊ូច ធារឹទ្ធ ចាញ់កីឡាករថៃ Thekhen ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម សម្រាប់គូមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ក្នុងកម្មវិធីជើងឯកប្រដាល់លេខ១ គូប៊ូតា កាលពីល្ងាចថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្វៀនបាយ័ន។

ការប្រកួតរវាងកីឡាករ កែវ រំចង់ ទល់នឹងកីឡាករថៃ យ៉ូ ឃីដាំ ជាការប្រកួតដ៏ស្វិតស្វាញមួយ ដោយកីឡាករទាំងពីរបានប្រើក្បាច់កែង, ជង្គង់ និងទាត់បានយ៉ាងអស្ចារ្យ ស្របពេល យ៉ូឃីដាំ បានប្រើក្បាច់កែងវាយឲ្យ រំចង់ បែកឈាមនៅក្នុងទឹកទី២ តែ រំចង់ បានព្យាយាមប្រើក្បាច់ទាត់ជើងទៅលើ យ៉ូឃីដាំ យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យការប្រកួតត្រូវបានបញ្ចប់ដោយកីឡាករ យ៉ូ ឃីដាំ សុំបោះបង់ការប្រកួតនៅត្រឹមទឹកទី៤ រីឯមិត្តរួមជាតិ អ៊ូច ធារឹទ្ធ ចាញ់កីឡាករ Thekhen ត្រឹមទឹកទី១ ដោយបានវាយខុសលក្ខណៈក្នុងការប្រកួត៕