(ក្រុងឡុងដ៍)៖ កីឡាករលេងក្នុងតំណែងការពារ Gary Cahill បាននិយាយថា រូបគេនឹងស្នើសុំចាកចេញពីក្លឹបតោខៀវ Chelsea នៅខែមករា ឆ្នាំ២០១៩ ខាងមុខ បន្ទាប់ពីបង្ខំចិត្តអង្គុយនៅកៅអីបម្រុងញឹកញាប់ក្នុងរដូវកាលនេះ។

កីឡាករវ័យ ៣៣ឆ្នាំ នឹងផុតកិច្ចសន្យានៅកីឡដ្ឋាន Stamford Bridge ក្នុងខែធ្នូនេះ ហើយមិនទាន់បានលេងនៅឡើយទេ ក្រោមការដឹកនាំពីគ្រូបង្វឹកថ្មី Maurizio Sarri។

សូមរំលឹកផងដែរថា Gary Cahill ត្រូវបានតែងតាំងជាប្រធានក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte ដែលបានចាកចេញពីតួនាទីក្នុងក្រុមជម្រើសជាតិអង់គ្លេសកាលពីខែមុន។

Cahill បានថ្លែងប្រាប់ BBC ថា «ខ្ញុំត្រូវការផ្លាស់ប្តូរ ប្រសិននៅតែបែបនេះទៀត»

អតីតកីឡាករក្លឹប Aston Villa និង Bolton បានចូលរួមជាមួយ Chelsea កាលពីខែមករា ឆ្នាំ២០១២ និងបានឈ្នះពានរង្វាន់ធំៗជាច្រើនជាមួយតោខៀវ រួមទាំងពានរង្វាន់ Champions League ឆ្នាំ២០១២ និងជាប្រធានក្រុមពេលឈ្នះ Premier League រដូវកាលឆ្នាំ២០១៦-២០១៧ និងពានរង្វាន់ FA Cup រដូវកាលមុនទៀតផង៕