(ភ្នំពេញ)៖ មិនថាតែក្នុងបណ្ដាញសង្គម ឬនៅតាមមជ្ឈដ្ឋានខាងក្រៅនោះទេ បញ្ហាភាពសិចស៊ី និងការបញ្ចេញដងខ្លួនហួសហេតុ របស់តារាសម្ដែង តារាចម្រៀងស្រីៗ ហាក់មិនទាន់ស្ងាប់ស្ងាត់ពីអារម្មណ៍ អ្នកតាមដានរឿងរ៉ាវ អ្នកសិល្បៈខ្មែរនោះឡើយ រហូតដល់អ្នកគាំទ្រខ្លះ បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះអញ្ជើញតារាស្រីៗទាំងនោះ ទៅអប់រំដុសក្អែលចេញម្ដង ដើម្បីកុំឲ្យបន្តថែមទៀត។
យ៉ាងណាមិញ សម្រាប់តារាសម្ដែងប្រុស លោក អែនឌី ដែលល្បីល្បាញខាងបបួលតារាស្រីៗ មកថតឈុតរោលរាល ក្ដៅសាច់នៅលើគ្រែ នៅក្នុងបទចម្រៀងរបស់ខ្លួននោះ បានលេចឮដំណឹងល្ហិចល្ហៀងមកថា លោកកំពុងតែទម្លាក់ចោល នូវឈុតបែបស្ទាលអង្អែល ទាំងអស់នោះចោលជាបណ្ដើរៗហើយ ព្រោះតែខ្លាចក្រសួងវប្បធម៌ កោះហៅលោកទៅព្រមាន។
ជារឿយៗ នាពេលកន្លងមក គេធ្លាប់តែឃើញលោក អែនឌី ថតសម្តែងជាមួយស្រីស្អាតៗ ដោយឈុតរោលរាលឱបថើប ស្អិតល្មូតលើគ្រែ និងក្នុងអាងទឹក ដែលធ្វើឲ្យប្រុសៗ ទាំងឡាយច្រណែន ព្រោះតែគ្មានស្រីស្អាតណាម្នាក់ អាចគេចផុតពីកណ្តាប់ដៃរបស់លោក អែនឌី ក្នុងការថតរូបបានឡើយ។ ប៉ុន្តែនៅមួយរយៈពេលចុងក្រោយនេះ លោក អែនឌី បែរជាប្តូរមកច្រៀងសម្តែង និងថត MV តែម្នាក់ឯង បែបសុភាពៗ តាមរយៈបទមរតកដើម ដូចជាបទ «ឧត្តមដួងចិត្ត» ជាដើម ដោយបោះបង់ស្ទីលរោលរាលចោល ស្ទើរតែទាំងស្រុង ទើបធ្វើឲ្យតារាស្រីស្អាតៗទាំងឡាយ ដែលចង់ថតសម្តែងបង្ហាញសាច់ ជាមួយលោក អែនឌី ស្រងាកចិត្ត ព្រោះថា កន្លងមកមានតារាស្រី ជាច្រើនដួងមកហើយ ដែលបានល្បីឈ្មោះ ដោយសារតែតារាចម្រៀងរូបនេះ យកទៅឡង់សេ។
យ៉ាងណាមិញ ប្រសិនបើលោក អែនឌី ថា មិនញញើតក្នុងការថតឈុតរោលរាល ដូចមុនៗក្តី តែតាមព័ត៌មានខ្សឹបខ្សៀវបានឲ្យដឹងថា ការដែលលោក អែនឌី ប្តូរចិត្តពីថតឈុតស្នេហាក្តៅសាច់ មកថតសុភាពៗ តែម្នាក់ឯងនេះ ដោយសារតែពេលថ្មីៗនេះ លោករងការព្រមាន ពីមន្ត្រីក្រសួងវប្បធម៌ រឿងថតស្រើបស្រាលខ្លាំង ហើយមន្ត្រីពាក់ព័ន្ធ គ្រោងកោះហៅលោក អែនឌី ទៅណែនាំ ដុសក្អែលថែមទៀតផង។ ប៉ុន្តែលោក អែនឌី បានព្រលយថា មិនមានការបារម្ភឡើយ ព្រោះលោកមិនបានថតរឿងសិច ហើយលោកជឿថា មិនដល់ថ្នាក់មានទោសទណ្ឌនោះទេ៕