(ភ្នំពេញ)៖ តារាចម្រៀងយេៗ បែបយុវវ័យ និងចូលចិត្តលេងខ្លួនសិចស៊ី មិនសំចៃដៃ កញ្ញា រតនៈ ពិសី មួយរយៈចុងក្រោយ​មកនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងតែងតែលេចវត្តមានក្នុងការងារសប្បុរសធម៌ជាញឹកញាប់នោះ។ ជាការកត់សម្គាល់ថ្មីៗនេះ នាងបានទៅផ្តល់អំណោយមួយចំនួន ដែលជាថវិកាផ្ទាល់ខ្លួន និងពីសប្បុរសជននានា ទៅជួយដល់ប្រជាជនក្រីក្រ ផ្ទះលិចទឹក នៅ ភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្ដកំពង់ចាម។

សកម្មភាពមួយនេះ បានធ្វើឱ្យអ្នកគាំទ្រតារាសិចស៊ី រតនៈ ពិសី ជាច្រើនសម្តែងនូវការពេញចិត្ត និងកោតសរសើរនូវទឹកចិត្ត កម្លាំងញើសឈាមរបស់នាង ដែលខិតខំស្រាងរកសប្បុរសជន ឱ្យជួយដល់ជនក្រីក្រ។ ជាពិសេស នាងចេះឆ្លៀតពេលទំនេរពីសិល្បៈ ទៅធ្វើអំពើល្អ ដែលសង្គមត្រូវការ និងជាគំរូ ដល់មនុស្សដទៃ។

ជាក់ស្តែង ភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹង ពីសកម្មភាពទៅផ្តល់ជំនួញដល់បងប្អូននៅ ស្រីស្ទឹងត្រង់ ខេត្តកំពង់ចាម ស្រីស្រស់សាច់សខ្ចីរតនៈ ពិសី បានសរសេរសារយ៉ាងដូច្នេះថា «ថ្ងៃនេះនាងខ្ញុំ សូមថ្លែងអំណរ អរគុណដល់ បងប្រុស Ban Sreng និង បងបង អាជ្ញាធរ ស្រុកស្ទឹងត្រង់ ដែលបានផ្ដល់ភាពងាយស្រួល ដល់ប្អូន នាំយកអំណោយ សប្បុរសធម៌ មកជួយគ្រួសារ ក្រីក្រ លិចទឹក នៅ ភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្ដ កំពង់ចាម ហើយ សូម ថ្លែងអំណរគុណ ដល់ បងបងម្ចាស់ អំណោយដែលបានចូលរួម មានដូចជា៖
អរគុណដល់បង ឯកឧត្តម ខៀវ ថារាវិឍ ទីប្រឹក្សាក្រសួងពត៍មាន ជួយ ជា ថវិកា
អរគុណដល់ បង ស៊ីង ជួយ ជា ថវិកា
អរគុណដល់ ហ៊ា Doeun Dara ជួយ ជា ថវិកា អរគុណដល់ បង កូនចាបកំសត់ ជួយ ជា ថវិកា អរគុណដល់ បង យុី កំពង់សោម ជួយ ជា ថវិកា
អរគុណដល់ បង Dara sun ជួយ ជា ថវិកា អរគុណដល់ បង ឈិត ច័ន្ទសិទ្ធា ជួយទឹកសុទ្ធ ១០ កេះ.រួមទាំងជាថវិកា ផ្ទាល់ខ្លួនរបស់នាងខ្ញុំនឹងក្រុមគ្រួសារ»

រតនៈ ពិសី បានបន្តថា «សូមជូនពរ បងបង សុខភាព ល្អ សំណាងល្អ ប្រកបការងារ ជោគជ័យគ្រប់ភារកិច្ច និង ប្រាថ្នាណាបង និងសូមជូនកុសលទាំងអស់ដល់ អ្នកដែលបានស្គាល់ខ្ញុំទាំងអស់ សូមឲ្យសុខសប្បាយ និងសំណាងល្អទាំងអស់គ្នាណា សាធុ សាធុ»

គួរជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀង និងតារាសម្តែងរតនៈ ពិសី ធ្វើកិច្ចការងារសង្គមបែបនេះ បើនិយាយទៅ ជានិច្ចកាលគេតែងតែឃើញនាង ឆ្លៀតពេលទំនេរពីសិល្បៈ ចុះទៅតាមតំបន់ដាច់ស្រយាល ដើម្បីជួយដល់ប្រជាជនខ្វះខាត់ជីវភាពផងដែរ៕