(ភ្នំពេញ)៖ តារាសម្តែង និងតារាចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបញ្ចេញសារមិនសប្បាយចិត្ត និងឆ្អែតចិត្តខ្លាំងបន្ទាប់ពីត្រូវបានតារាសិល្បៈរៀមច្បង គឺអ្នកនាង ឌៀប ស្រីរ័ត្ន ផ្ទុះប្រតិកម្មលើករណីយល់ខុសមួយចំនួន ដែលខ្លួនទទួលបានពីប្រភពមិនផ្លូវការ បង្ហើបប្រាប់អំពីស្ថានភាពរស់នៅ របស់តារាជើងចាស់ អ្នកនាង ឌៀប ស្រីរ័ត្ន។

អ្នកចម្រៀងកូន៣ អ្នកនាង ស៊ិន ឧត្តមផល្លា បាននិយាយថា «សារនេះនាងខ្ញុំសូមផ្ញើជូនទៅអ្នកបង ឌៀប ស្រីរ័ត្ន មុនដំបូងខ្ញុំមិនចង់និយាយទេ ប៉ុន្តែក្រោយមកខ្ញុំគិតថា បើខ្ញុំមិននិយាយ វាអាចធ្វើឲ្យអ្នកផងគេយល់ច្រឡំមកលើខ្ញុំ តាមរយៈសារដ៏វែងអន្លាយរបស់អ្នកបង តាំងពីដើមឡើយ អ្នកបងគឺជា Idol របស់ខ្ញុំ ហើយខ្ញុំគឺជាមនុស្សម្នាក់ ដែលតែងតែឈឺឆ្អាលដល់សិល្បករ-សិល្បការិនីខ្មែរ ជាពិសេសគឺតារាជើងចាស់»

អ្នកនាង ស៊ិន ឧត្តមផល្លា និយាយថា «កន្លងមកនេះមានគេប្រាប់ខ្ញុំថា អ្នកបងកំពុងតែរស់នៅក្នុងស្ថានភាពលំបាក ថែមទាំងមានជំងឺបេះដូង និងជំងឺសន្លាក់ឆ្អឹង ថែមទាំងការងារសិល្បៈ ត្រូវស្ងប់ស្ងាត់ទៀត ហើយគេថែមទាំងផ្តាំខ្ញុំទៀតថា បើទំនេរឲ្យខ្ញុំទៅមើល និងសួរសុខទុក្ខអ្នកបងផង បន្ទាប់ពីនោះ ខ្ញុំតែងតាមដានការផុសរបស់អ្នកបង គឺអ្នកបងតែងតែផុសរៀបរាប់ពីបញ្ហាជីវិត ដូច្នេះធ្វើឲ្យខ្ញុំយល់ថា ប្រហែលជាអ្វីៗគ្រប់យ៉ាងពិតប្រាកដ ដូចជាគេនិយាយមែនហើយ»

តារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា លើកឡើងទៀតថា «ខ្ញុំក៏បានទូរស័ព្ទទៅអ្នកបងជាច្រើនដង តាមរយៈលេខទូរស័ព្ទអ្នកបងប្រព័ន្ធ០១៦ ប៉ុន្តែអ្នកបងអត់ទទួល ហើយខ្ញុំឆាតទៅក៏អ្នកបងអត់ចូលមើល ខ្ញុំថែមទាំងខលទៅលេខ០១២អ្នកបងទៀត ប៉ុន្តែអ្នកបងនៅតែមិនទទួល។ កន្លងមកខ្ញុំបានផុស រូបអ្នកបង ហើយខ្ញុំបាននិយាយ ពីសមត្ថភាពរបស់អ្នកបងថា ខ្ញុំស្តាយណាស់ ហេតុអីមនុស្សដែលមានសមត្ថភាព ដូចជាអ្នកបង ម៉េចបានជាគេមើលរំលង អ្នកបងអាចច្រៀងក៏បានសម្តែងក៏បាន នេះគឺជាអារម្មណ៍ខ្ញុំ ដែលទទួលស្គាល់ពីសមត្ថភាពរបស់អ្នកបង»

អ្នកនាង ស៊ិន ឧត្តមផល្លា បញ្ជាក់ថា «ខ្ញុំពិតជាសោកស្ដាយណាស់ ដែលបំណងល្អរបស់ខ្ញុំ ធ្វើឲ្យអ្នកបងគិតមកលើខ្ញុំ ក្នុងផ្លូវអវិជ្ជមាន។ ចំណែកឯព័ត៌មានដែលខ្ញុំសរសេររៀបរាប់ ពីជីវិតរបស់អ្នកបង ខ្ញុំក៏មិនទាន់បានចុះផ្សាយឲ្យអ្នកណាបានឃើញដែរ ហើយខ្ញុំក៏បាននិយាយជាមួយបងស្រី ឌៀប បុទុម ត្រូវជាបងស្រីបង្កើតរបស់អ្នកបង នឹងសួរគាត់ថា តើព័ត៌មានដែលគេនិយាយទាំងអស់ហ្នឹង ជាការពិតដែរឬទេ? បង បុទុម ប្រាប់ខ្ញុំថា រឿងហ្នឹងអត់ពិតដូចគេ និយាយទេអូន»

អ្នកនាង ស៊ិន ឧត្តមផល្លា លើកឡើងថា «ខ្ញុំក៏បានសូមទោសគាត់រួចហើយដែរថា បើរឿងហ្នឹងអត់ពិតដូចគេនិយាយ គឺខ្ញុំត្រេកអរណាស់ ហើយខ្ញុំក៏សូមទោស ជំនួសអ្នកដែលប្រាប់ខ្ញុំផង! ក្រោយមកខ្ញុំគិតថា រឿងហ្នឹងវាចប់ហើយ ប៉ុន្តែអ្នកបង ឌៀប ស្រីរ័ត្ន អត់បញ្ចប់ទេ អ្នកបងបានផុសរៀបរាប់យ៉ាងវែងអន្លាយ ហើយខ្ញុំចង់ប្រាប់អ្នកបងថា ខ្ញុំ Unfriend អ្នកបង ហើយបិទឆាតចោល ព្រោះខ្ញុំយល់ថា ប្រហែលជាខ្ញុំមិនដល់អ្នកបង ហើយទើបបានជាខ្ញុំខលទៅមិនលើក ឆាតទៅក៏មិនចូលមើល ដូច្នេះហើយបានជាខ្ញុំធ្វើអ៊ីចឹង ហើយម្យ៉ាងទៀតខ្ញុំបានទទួលព័ត៌មានច្បាស់ពីអ្នកបង ឌៀប បុទុមរួចហើយ»

អ្នកចម្រៀងកូន៣ ស៊ិន ឧត្តមផល្លា បន្ថែមថា «រឿងមួយទៀត ពេលខ្លះខ្ញុំមិនបានរស់នៅជាមួយជីវិតរបស់អ្នកបងទេ ខ្ញុំឃើញការបង្ហោះរៀបរាប់ របស់អ្នកបងរួមទាំងគេប្រាប់ខ្លះៗទៀត វាធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួល កើតមានការអាណិតអាសូរក្នុងនាម ជាអ្នកសិល្បៈដូចគ្នា។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលមានគំនិតមិនល្អ ឬវាយប្រហារទៅលើអ្នកបង ក្នុងផ្លូវអាក្រក់ណាមួយឡើយ បើមិនមានគេប្រាប់ខ្ញុំ ខ្ញុំក៏អត់មានរឿងអី ដែលត្រូវខ្វល់ខ្វាយដែរ ព្រោះខ្ញុំមិនដែលបានទទួលផលប្រយោជន៍អី ពីការចុះផ្សាយហ្នឹងសូម្បីមួយរយលុយខ្មែរ ចំណែករឿងអ្នកបងកែសម្ផស្សឬមិនកែ ដូចជាអត់មានអ្នកណាសួរអ្នកបងទេ ដូច្នេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងចុះ»

សូមបញ្ជាក់ថា ការបញ្ចេញសារសោកស្ដាយ និងឆ្អែតចិត្តចំពោះអតីតតារាចម្រៀង ឌៀប ស្រីរ័ត្ន បែបនេះ គឺបន្ទាប់ពីអ្នកនាង ស៊ិន ឧត្តមផល្លា ដែលតែងតែដើរជីកកកាយពីជីវិត របស់អ្នកសិល្បៈចាស់ៗជំនាន់មុន ឲ្យក្មេងជំនាន់ក្រោយបានដឹងនោះ បានបង្ហាញពីការសោកស្ដាយលើសមត្ថភាព របស់អ្នកនាង ឌៀប ស្រីរ័ត្ន ថា មិនគួរគេបំភ្លេចចោល ដោយមិននឹងនាបែបនេះសោះឡើយ។

ប៉ុន្តែក្រោយពីបង្ហាញចេតនា ចង់ឲ្យគេនឹងឃើញពីស្នាដៃ ក៏ដូចជាទេពកោសល្យសិល្បៈរបស់ ឌៀប ស្រីរ័ត្ន រួចមក ត្រូវបានម្ចាស់សាមីខ្លួនប្រតិកម្ម និងបង្ហាញការមិនពេញចិត្ត ចំពោះការបើកកកាយដំណឹងនេះ ជាសាធារណៈ ពោលគឺសមដូចពាក្យចាស់តែងលើកឡើងថា «ធ្វើគុណបានទោស» ទើបធ្វើឲ្យអ្នកនាង ស៊ិន ឧត្តមផល្លា ឆ្អែតចិត្តនឹងអ្នកនាង ឌៀប ស្រីរ័ត្ន និយាយលែងចេញ៕