(ភ្នំពេញ)៖ លោក ឡេង ណាវ៉ាត្រា និងជាអ្នកធានាក្នុងគម្រោងចេញសម្ដែងបានអះអាងថា លោកព្រាប សុវត្ថិ នឹងត្រូវសម្ដែង​នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៤ និង២៥ កញ្ញា ខាងមុខនេះ ដោយលោកបានចំណាយថវិការៀបចំការប្រគំតន្ត្រី ២កន្លែង នៅលើទឹកដីនោះ រយៈពេល ២ថ្ងៃជាប់គ្នាតែម្ដង ដើម្បីឲ្យបងប្អូនជាពលករកូរ៉េបានសប្បាយ។ ក្នុងនោះលោក ព្រាប សុវត្ថិ ក៏ប្រកាសបកស្រាយបទចម្រៀងពីជំនាន់ចាស់ៗមួយចំនួន ដើម្បីឲ្យបងប្អូនដែលមានអារម្មណ៍នឹកស្រុក បានស្ដាប់ហើយធូរចិត្ត។ លោក ព្រាប សុវត្ថិ ត្រូវច្រៀងនៅក្នុងទីក្រុងសេអ៊ូលមួយកន្លែង និងត្រូវច្រៀង​នៅទីក្រុងខ្វាងជូរមួយកន្លែង ដោយក្នុងពិធីនោះក៏មានវេទិកាឧទ្ទេសនាមពីសំណាក់រូបលោកផ្ទាល់ ដើម្បីចែករំលែកពីគម្រោងអាជីវកម្ម និងពីរបៀបប្រើលុយរាយទៅយកលុយដុំ ដើម្បីឲ្យបងប្អូនខ្មែរ ឬពលរដ្ឋកូរ៉េ ដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជាបានទទួលចំណេះដឹង។

 លោក ឡេង ណាវ៉ាត្រា បានថ្លែងបន្តថា គម្រោងស្ពុនស័រយកលោក ព្រាប សុវត្ថិ ឲ្យចេញសម្ដែង គម្រោង​ចំណាយមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែកន្លែងដែលលោករៀបចំឲ្យមានការប្រគំតន្ត្រីនោះ សុទ្ធតែចំតំបន់ទីក្រុងធំៗ សំបូរខ្មែររស់នៅ នឹងត្រូវចំណាយខ្ពស់។ លោកនឹងមានគម្រោងបើកការប្រគំតន្ត្រីធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ឲ្យបានញឹកញាប់ ដើម្បីឲ្យបងប្អូនខ្មែរបានជួបជាមួយតារាល្បីៗ និងបានទទួលចំណេះដឹងពីការវិនិយោគលើគម្រោងដីធ្លី ដើម្បីក្លាយខ្លួនជាអ្នកមានបានដូចលោក។ លោករំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់លោក ព្រាប សុវត្ថិ នឹងកក្រើកនៅថ្ងៃទី២៤ និង២៥ កញ្ញានេះ ខណៈដែលសាលដែលលោកគម្រោងដាក់ភ្ញៀវ ឲ្យស្ដាប់បទឧទ្ទេសនាមរបស់លោក ក៏មានអ្នកទិញសំបុត្រ និងកក់ទុកកៅអីអស់ច្រើន តាំងពីថ្ងៃនេះទៅហើយ៕